(ឡុងដ៍)៖ សមាជិកម្នាក់មកពីក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់សង្រ្គោះបន្ទាន់ ឬហៅកាត់ថា Sage នៃរដ្ឋាភិបាលអង់គ្លេស បានព្រមានថាវីរុសកូរ៉ូណា (COVID-19) អាចនឹងរស់នៅជាមួយយើងទាំងអស់គ្នាជារៀងរហូត ហើយដែលនេះអាចនឹងតម្រូវឱ្យមនុស្សត្រូវចាក់វ៉ាក់សាំងក្នុងចន្លោះពេលមួយដែលត្រូវបានកំណត់ជា ទៀតទាត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។
លោក Mark Walport ធ្វើការព្រមានបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីវិទ្យុ BBC និងបន្ទាប់ពីប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) កាលពីថ្ងៃសៅរ៍ម្សិលមិញ បានលើកឡើងថា ការរាតត្បាតវីរុសកូរ៉ូណា (COVID-19) នឹងមានរយៈពេលខ្លីជាង ជំងឺគ្រុនផ្ដាសាយអេស្ប៉ាញកាលពីឆ្នាំ១៩១៨ នោះគឺអាចនឹងត្រូវបន្លាយតិចជាងរយៈពេល ២ឆ្នាំប៉ុណ្ណោះ ប្រសិនបើពិភពលោករួបរួមគ្នា ក្នុងការស្វែងរកវ៉ាក់សាំងឲ្យទាន់ពេល។
ថ្លែងនៅក្នុងបទសម្ភាសន៍នោះ លោក Mark Walport បានគូសបញ្ជាក់ដូច្នេះថា៖ «វីរុសនេះ (COVID-19) អាចនឹងរស់នៅជាមួយនឹងពួកយើងជារៀងរហូត នៅ ក្រោមទម្រង់ណាមួយចំនួន ឬផ្សេងៗពីគ្នា ដែលនេះតម្រូវឱ្យមានការចាក់វ៉ាក់សាំង ម្ដងហើយម្ដងទៀត ក្នុងចន្លោះពេលមួយដែលត្រូវបានកំណត់ជា ទៀតទាត់»។ លោកបន្ថែមទៀតថា COVID-19 មិនមែនដូចជា ជំងឺអុតធំ ឬ smallpox ដែលត្រូវបានកម្ចាត់ ឬបង្ការបានដោយវ៉ាក់សាំងនោះឡើយ។
គួរជម្រាបថា ជំងឺគ្រុនផ្ដាសាយអេស្ប៉ាញកាលពីឆ្នាំ១៩១៨ បានសម្លាប់ជីវិតមនុស្សយ៉ាងហោច ៥០លាននាក់ ហើយបច្ចុប្បន្ន COVID-19 បានផ្ដាច់ជីវិតមនុស្ស ច្រើនជាង ៨០០,០០០នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុបទូទាំងពិភពលោកកើនលើស ២៣លាននាក់៕