(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានលើកឡើងថា ការរាតត្បាតវីរុសកូរ៉ូណា (COVID-19) នឹងមានរយៈពេលខ្លីជាង ជំងឺគ្រុនផ្ដាសាយអេស្ប៉ាញកាលពីឆ្នាំ១៩១៨ នោះគឺអាចនឹងត្រូវបន្លាយតិចជាងរយៈពេល ២ឆ្នាំប៉ុណ្ណោះ ប្រសិនបើពិភពលោករួបរួមគ្នា ក្នុងការស្វែងរកវ៉ាក់សាំងឲ្យទាន់ពេល។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស លោក Tedros បានគូសបញ្ជាក់ថា «ជំងឺគ្រុនផ្ដាសាយអេស្ប៉ាញកាលពីឆ្នាំ១៩១៨ បានអូសបន្លាយពេល ២ឆ្នាំទើបអាចបញ្ឈប់។ ដោយឡែកនៅក្នុងស្ថានភាពយើងឥឡូវនេះ ជាមួយបច្ចេកវិទ្យាកាន់តែជឿនលឿន និងទំនាក់ទំនងកាន់ច្រើន គឺជាហេតុដែលអាចនាំឲ្យ COVID-19 មានឱកាសច្រើនក្នុងការរីករាលដាលលឿន ដោយសារយើងមានទំនាក់ទំនង កាន់តែច្រើនររវាងគ្នានាពេលបច្ចុប្បន្ន។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏មានចំណេះវិជ្ជា និងបច្ចេកវិទ្យាទំនើប ដើម្បីបញ្ឈប់វាផងដែរ»។ ក្នុងន័យនេះប្រធាន WHO សង្ឃឹមថា យើងនឹងអាចបញ្ឈប់ជម្ងឺរាតត្បាតនេះ (COVID-19) ក្នុងរយៈពេលតិចជាង ២ឆ្នាំ ដោយលោកបានអំពាវនាវឲ្យមានឯកភាពជាតិ និងសាមគ្គីភាពជាសកល។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ មនុស្សច្រើនជាង ២៣.១លាននាក់ ត្រូវបានរាយការណ៍ថា បានឆ្លង COVID-19 នៅទូទាំងពិភពលោក ចាប់តាំងពីវាត្រូវបានគេរកឃើញដំបូង នៅក្នុងទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ២០១៩ ក្នុងនោះមនុស្សជិត ៨០៣,០០០នាក់បានស្លាប់ និងជាង ១៥,៧០៥,០០០នាក់ បានជាសះស្បើយ៕