(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ថៃ (CCSA) នៅថ្ងៃសុក្រនេះបានប្រកាសបន្តអនុវត្តវិធានការរឹតត្បិត ទៅតាមច្បាប់នៃគ្រាមានអាសន្ន ដើម្បីប្រឆាំងនឹងជំងឺរាតត្បាតនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។
អ្នកនាំពាក្យរបស់ CCSA លោក ថាវីស៊ីន វិសានុយោធីន (Taweesin Visanuyothin) បានបញ្ជាក់ឲ្យដឹងថា វិធានការថ្មីនេះគឺដើម្បី ជំនួសលើវិធានការចាស់ ដែលនឹងត្រូវអស់សុពលភាពនាថ្ងៃ៣១ ខែសីហា ខាងមុននេះ។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា វាពិតជាមានភាពចំបាច់ខ្លាំងណាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូរ៉ូណានៅក្នុងប្រទេស។
គួរបញ្ជាក់ថា ទោះជាយ៉ាងនេះក្តីការហាមឃាត់នៅក្រោមវិធានការចាស់ ត្រូវបានបន្ធូរបន្ថយព្រោះថា សាលារៀន ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ការចូលទស្សនានៅក្នុងពហុកីឡាដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗត្រូវបានអាជ្ញាធរ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញហើយ។ ប្រទេសថៃត្រូវបានចាត់ទុកថា ទទួលបានជោគជ័យក្នុងការទប់ស្កាត់ COVID-19 ទាន់ពេល ជាមួយករណីឆ្លងសរុប ៣,៣៩០ករណី ក្នុងនោះស្លាប់ ៥៨នាក់ និងជាសះស្បើយវិញ ៣,២១៩នាក់៕