(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានប្រកាសទទួលយកការតែងតាំង ជាបេក្ខជនប្រធានាធិបតី តំណាងឲ្យគណបក្សប្រជាធិបតេយ្យជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ខណៈដែលលោកបានសន្យាថា នឹងស្តារប្រទេសជាតិឲ្យរួចផុតពីភាពខ្មៅងងឹត ដែលត្រូវបានបង្កឡើងដោយលោក ត្រាំ ប្រសិនជាលោកជាប់ឆ្នោត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The New York Times នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។
ស្ថិតនៅចំពោះមុខទង់ជាតិអាមេរិក នៅស្រុកកំណើតរបស់លោកគឺរដ្ឋ ដេឡាវែ (Delaware) លោក Biden បានទទូចដល់ប្រជាជនអាមេរិកទាំងអស់ ឲ្យជឿជាក់ថា ពួកគេនឹងអាច «ឆ្លងផុតរដូវកាលដ៏ងងឹតនេះ» ហើយថែមទាំងបានសន្យាថា លោកនឹងស្វះស្វែងបង្រួបបង្រួម នូវការបែកបាក់ផ្នែកនយោបាយក្នុងប្រទេសជាតិ តាមរបៀបដែលលោកប្រធានាធិបតេយ្យ ដូណាល់ ត្រាំ មិនអាចធ្វើវា។
អតីតអនុប្រធានាធិបតីអាមេរិកវ័យ ៧៧ឆ្នាំរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រធានាធិបតីបច្ចុប្បន្ន បានធ្វើឲ្យអាមេរិកស្ថិតក្នុងភាពដ៏ងងឹត ភាពខឹងសម្បារ ភាពភ័យខ្លាច និងការបែកបាក់សង្គមជាខ្លាំង។ នៅទីនេះ និងពេលឥឡូវនេះ ខ្ញុំសូមសន្យាថា ប្រសិនបើអ្នកសម្រេចឲ្យខ្ញុំធ្វើជាប្រធានាធិបតី នោះខ្ញុំនឹងទាញយកអ្នកដែលពូកែជាងគេ មិនមែនអាក្រក់បំផុតនោះទេ។ ខ្ញុំនឹងក្លាយជាសម្ព័ន្ធមិត្តនៃភាពភ្លឺថ្លា មិនមែនភាពខ្មៅងងឹតនោះទេ»។
លោក Biden បានសង្កត់ធ្ងន់បន្ថែមទៀតថា ទោះបីជាលោកជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ ប៉ុន្តែលោកនឹងធ្វើជាប្រធានាធិបតី សម្រាប់ពលរដ្ឋអាមេរិកាំងទាំងអស់គ្នា ដែលផ្ទុយស្រឡះពីគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ដែលមានចរិតបំបែកបំបាក់ជាតិ។
គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ គណបក្សប្រជាធិបតេយ្យរបស់អាមេរិក បានបើកសមាជមួយដែលមានរយៈពេល ០៤ថ្ងៃ ដើម្បីជ្រើសតាំង និងប្រកាសជាផ្លូវការនូវបេក្ខជនប្រធានាធិបតី តំណាងបក្សរបស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នៅដើមខែវិច្ឆិកាខាងមុខនេះ។ នៅក្នុងឱកាសនៃការជួបជុំនោះ គណបក្សបានសម្រេចតែងតាំងជាផ្លូវការ លោក Joe Biden ជាបេក្ខជនប្រធានាធិបតី និងលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ជាបេក្ខជនអនុប្រធានាធិបតី៕