(ប៉ាឡេស្ទីន)៖ ប្រភពព័ត៌មានពីអាជ្ញាធរប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបើកការវាយលុកតាមផ្លូវអាកាស ទៅលើតំបន់ហ្គាហ្សា (Gaza) កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបនឹងការបាញ់ផ្លោងគ្រាប់រ៉ុក្កែត និងការបង្ហោះប៉ោងប៉ោងភ្ជាប់ដោយគ្រាប់បែក ចេញពីតំបន់នោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។
យោងតាមសាក្សី និងប្រភពពីផ្នែកតាមដានសន្តិសុខតំបន់ហ្គាហ្សា បានគូសបញ្ជាក់ឲ្យដឹងថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់តម្រង់ទៅអ៊ីស្រាអែល ប៉ុន្តែវាបានធ្លាក់នៅខាងក្នុងទីប្រជុំជនមួយ នៅក្នុងតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណា មិនសេចក្តីរាយការណ៍ថា មានមនុស្សបាត់បង់ជីវិត ឬរងរបួសនោះទេ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែក ទៅលើទីតាំងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទើរតែរាល់យប់ ចាប់តាំងពីថ្ងៃទី០៦ ខែសីហាមកម្ល៉េះ ដើម្បីជាការសងសឹងចំពោះសកម្មភាពបាញ់ផ្លោងគ្រាប់រ៉ុក្កែត និងការបង្ហោះប៉ោងប៉ោងភ្ជាប់គ្រាប់ផ្ទុះចេញពីតំបន់នោះ សំដៅទឹកដីភាគខាងត្បូងអ៊ីស្រាអែល។
ភាពតានតឹងនៅតាមតំបន់ព្រំដែនអ៊ីស្រាអែល ជាមួយតំបន់ហ្គាហ្សានេះបានកើនឡើងកម្តៅមួយកម្រិតទៀត ក្នុងបរិបទដែលអ៊ីស្រាអែល និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម ទើបតែបានចុះកិច្ចព្រមព្រៀងភ្ញាប់ទំនាក់ទំនងប្រក្រតីមួយជាមួយគ្នា កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ។ ប្រជាជនប៉ាឡេស្ទីន ចាប់ផ្តើមបង្កើនសកម្មភាពធ្វើកុបកម្ម នៅតាមតំបន់ព្រំដែនអ៊ីស្រាអែល ដើម្បីសម្តែងកំហឹងរបស់ពួកគេ ចំពោះកិច្ចព្រមព្រៀងដែលមានសហរដ្ឋអាមេរិក ជាអ្នកលើកតម្កើងខាងលើនេះ៕