(សេអ៊ូល)៖ នៅក្នុងរបាយការណ៍ថ្មីប្រចាំព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ ៣២៤នាក់ទៀត ដោយក្នុងនោះ ១២៥នាក់នៅទីក្រុងសេអ៊ូល និង ១០២នាក់ទៀតនៅខេត្តគ្យុងហ្គី (Gyeonggi) និងសល់ប៉ុន្មាននាក់ទៀត គឺជាករណីនាំចូលពីបរទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
តួលេខឆ្លងថ្មីៗប្រចាំថ្ងៃលើស ៣០០នាក់បែបនេះ គឺមិនធ្លាប់កើតមាននោះឡើយ គិតចាប់តាំងពីថ្ងៃទី០៨ ខែមីនា ហើយវាក៏ជាថ្ងៃទី ៨ ដែរដែលកូរ៉េខាងត្បូង បានមើលឃើញអត្រាកើនឡើងវិញ នៃចំនួនករណីឆ្លង COVID-19 ដ៏គួរឲ្យព្រួយបារម្ភ។ ប្រការនេះហើយទើបអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានសម្រេចចេញសារព្រមាន ឲ្យគ្រប់ខេត្តក្រុងទាំងអស់បង្កើនការធ្វើតេស្ត លើករណីសង្ស័យអំពី COVID-19 ជាពិសេសទៅលើបណ្តាអ្នកដែលបានចូលរួម នៅក្នុងវេទិកានយោបាយដ៏ធំមួយ ក្នុងទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានសរុប ១៦,៦៧០ករណី ក្នុងនោះស្លាប់សរុប ៣០៩នាក់ និងជាសះស្បើយវិញ ១៤,១២០នាក់៕