(វ៉ាស៊ីនតោន)៖ អតីតបុគ្គលិក Apple ម្នាក់បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Apple បានជួយរដ្ឋាភិបាលសហរដ្ឋអាមេរិក បង្កើត iPod «ដ៏សម្ងាត់បំផុត» ដែលមានបំពាក់ជាមួយឧបករណ៍ចាប់សញ្ញា(sensors ) លាក់នៅខាងក្នុង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០។
យោងតាមអតីតវិស្វករផ្នែក software របស់ក្រុមហ៊ុន Apple លោក David Shayer បានគូសបញ្ជាក់ថា មានតែមនុស្សបួននាក់ប៉ុណ្ណោះ នៅក្នុងក្រុមហ៊ុនដែលដឹងអំពីគម្រោងនេះ។ លោកបានគូសបញ្ជាក់ថា ក្នុងចំណោមនោះមានមនុស្សពីរនាក់ មកពីក្រុមហ៊ុនជាប់កិច្ចសន្យា ដែលមកក្នុងនាមក្រសួងថាមពលសហរដ្ឋអាមេរិក ដែលបានមកដល់ក្រុមហ៊ុន Apple ក្នុងឆ្នាំ២០០៥។
លោក David Shayer ដែលជាមនុស្សម្នាក់ក្នុងចំណោមបួននាក់ដែលដឹងពីគម្រោងខាងលើនេះ លើកឡើងយ៉ាងដូច្នេះថា«ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ណាស់ សូម្បីតែខ្ញុំក៏មិនដែលបានឃើញឧបករណ៍ទាំងនោះដែរ»។ លោកបានសង្កត់ធ្ងន់ថា «ពួកគេចង់បន្ថែមឧបករណ៍ពិសេសទៅក្នុង iPod ដែលមិនងាយនឹងចាប់បាន។ ប៉ុន្តែវាមើលទៅដូចជា iPod ធម្មតាសុទ្ធសាធ»៕