(ហាណូយ)៖ ក្រសួងការបរទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០ នេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកវត្តមាន យន្តហោះទម្លាក់គ្រាប់បែករបស់ចិន គឺជាការបង្កក្តីអន្តរាយដល់សន្តិភាព នៅតំបន់សមុទ្រចិនខាងត្បូង និងបានរំលោភអធិបតេយ្យភាព របស់វៀតណាមផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី ឡេ ធីធូហង (Le Thi Thu Hang) បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា «នៅពេលដែលភាគីពាក់ព័ន្ធ បញ្ជូនសព្វាវុធ និងយន្តហោះគ្រាប់បែកទៅសមុទ្រខាងកើត (សមុទ្រចិនខាងត្បូង) វាមិនត្រឹមតែរំលោភអធិបតេយ្យភាពរបស់វៀតណាមប៉ុណ្ណោះទេ តែថែមទាំងបង្កអន្តរាយដល់សន្តិភាព នៅក្នុងតំបន់ផងដែរ»

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ នោះទេដែលប្រទេសវៀតណាម បានប្រកាសចោទប្រកាន់ចំៗទៅលើចិន ខណៈដែលប្រទេសទាំងពីរ កំពុងស្ថិតនៅក្នុងជម្លោះយ៉ាងក្តៅគគុក ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ ការចោទប្រកាន់ជាថ្មីនេះ បានកើតមានឡើងក្រោយពីអ្នកសារព័ត៌មាន សាកសួរអំពីជំហររបស់វៀតណាម ចំពោះវត្តមានយន្តហោះទម្លាក់គ្រាប់បែកចិន ដែលហោះហើរពីលើប្រជុំកោះផារ៉ាសែល (Paracels) ក្នុងតំបន់សមុទ្រចិនខាងត្បូង៕