(តូក្យូ)៖ នៅក្នុងរបាយការណ៍សម្រាប់ថ្ងៃព្រហស្បតិ៍នេះ ទីក្រុងតូក្យូបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣៣៩ករណីបន្ថែមទៀត ដែលជាការរកឃើញច្រើនបំផុត បើរាប់ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២០។
អាជ្ញាធរទីក្រុងតូក្យូបានឲ្យដឹងថា ចំនួនអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ នាពេលបច្ចុប្បន្ននេះបានកើនឡើងដល់ ៣៦នាក់ ខណៈអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺនេះ។ អាជ្ញាធរបានទទូចឲ្យប្រជាជននៅក្នុងទីក្រុងតូក្យូ លុបចោលការធ្វើដំណើរឆ្លងខេត្ត នារដូវវិស្សមកាល ក៏ដូចជាចៀសវាងបរិភោគអាហារជុំគ្នា នៅខាងក្រៅផងដែរ ដើម្បីចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសនេះ។ ទន្ទឹងគ្នានេះ អាជ្ញាធរក៏តម្រូវឲ្យ ភោជនីយដ្ឋាន បារ និងហាងខារ៉ាអូខេ ទាំងអស់កាត់បន្ថយម៉ោងដំណើរការ និងត្រូវបិទទ្វារនៅត្រឹមម៉ោង ១០៖០០យប់រហូតដល់ចុងខែសីហាផងដែរ។
គួរបញ្ជាក់ថា អភិបាលក្រុងតូក្យូលោកស្រី យូរីកុ កូអ៉ីកិ (Yuriko Koike) បានពណ៌នាស្ថានភាពនៅក្នុងរដ្ឋធានីនាពេលបច្ចប្បន្ននេះថា មានសភាពធ្ងន់ធ្ងរបំផុត ហើយប្រសិនបើចំនួនករណីឆ្លងនៅតែបន្តកើនឡើង លោកស្រី នឹងប្រកាសដាក់ទីក្រុងតូក្យូនៅក្នុងភាពអាសន្ន។ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ ជប៉ុនមានករណីឆ្លង COVID-19 សរុប ៥៧,៥០០ករណី ក្នុងនោះស្លាប់ ១,១២៨នាក់ និងជាសះស្បើយវិញជាង ៤៣,៨០០នាក់៕