(បាងកក)៖ ប៉ូលិសថៃបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០នេះថា សកម្មជនប្រឆាំងរដ្ឋាភិបាលចំនួន ០៤នាក់ទៀតមានជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍កាលពីថ្ងៃទី១៨ ខែកក្កដា ដែលជាដើមចមបង្កឲ្យមានបាតុកម្មរីកធំឡើងៗ នៅទូទាំងប្រទេសថៃនោះ នៅទីបំផុតត្រូវបានចាប់ខ្លួនហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

យោងតាមមន្ត្រីប៉ូលិសថៃ សកម្មជន ០៣នាក់ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធ និងម្នាក់ទៀតជាអ្នកសម្តែងរ៉េបនៅលើឆាក ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្រុមសកម្មជនទាំង ០៤នាក់នេះ គឺសុទ្ធតែជាប់ឈ្មោះជាអ្នកប្រមូលផ្តុំកម្លាំង ដើម្បីទាមទារឲ្យមានការរំលាយសភា កែប្រែរដ្ឋធម្មនុញ្ញ និងរៀបចំការបោះឆ្នោតឡើងវិញ។ វាគឺជាបាតុកម្មទ្រង់ទ្រាយធំបំផុត ដែលមិនធ្លាប់កើតមាននោះឡើយនៅថៃ គិតចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីអំណាយកាលពីខែឧសភា ឆ្នាំ២០១៤។

គួរបញ្ជាក់ថា ការចាប់ខ្លួនសកម្មជន ទាមទារលទ្ធិប្រជាធិបតេយ្យខាងលើនេះ ត្រូវបានប៉ូលិសអះអាងថា ដោយសារតែពួកគេបានរំលោភច្បាប់សន្តិសុខផ្ទៃក្នុង និងការប្រកាសអាសន្នថ្នាក់ជាតិ ដែលមិនឲ្យមានការប្រមូលផ្តុំគ្នានោះឡើយ ក្នុងន័យទប់ស្កាត់ការរីករាតត្បាត COVID-19។ កន្លងមកនេះ ប៉ូលិសថៃបានប្រកាសចាប់ខ្លួនមនុស្សសរុប ១៥នាក់ ដែលមានជាប់ពាក់ព័ន្ធ ទៅនឹងបាតុកម្មដ៏ធំកាលពីថ្ងៃទី១៨ ខែកក្កដា ដោយសំអាងថា មានខ្លួនដីកាត្រឹមត្រូវនៅក្នុងការ ចុះចាប់ខ្លួនជនសង្ស័យកន្លងមកនេះ៕