(បាងកក)៖ សិស្សវិទ្យាល័យរាប់រយនាក់របស់ថៃ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខក្រសួងអប់រំ កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីសម្តែងការមិនពេញចិត្ត ចំពោះរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា និងបានទាមទាឲ្យបញ្ឈប់ការយាយី ទៅលើសកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Wasington Post នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០។
សិស្សសាលាប្រមាណជាង ៤០០នាក់ ស្ថិតក្នុងឯកសណ្ឋានសាលាដែលមានចងបូពណ៌សនៅនឹងដៃ ដែលជានិមិត្តរូបនៃចលនាបាតុកម្ម បានចូលរួមក្នុងការស្រែកទាមទារ និងប្រឆាំងនឹងរដ្ឋាភិបាល កាលពីថ្ងៃពុធម្សិលមិញនេះ។ ក្រុមបាតុករទាំងនោះ ថែមទាំងបានលើកម្រាមដៃបីដែលជានិមិត្តសញ្ញា នៃភាពធន់នឹងការបង្ក្រាបរបស់អ្នកមានអំណាច ដែលបានខ្ចីពីរឿង «The Hunger Games» ទៀតផង។
នៅពេលដែលរដ្ឋមន្រ្តីក្រសួងអប់រំថៃ លោក ណាថាផូល ធីបស៊ូវ៉ាន់ (Nataphol Teepsuwan) និងជំនួយការបានបង្ហាញខ្លួន ដើម្បីព្យាយាមសម្រួលជាមួយក្រុមនិស្សិត សម្រែកបាតុកម្មក៏ត្រូវបានបន្លឺកាន់តែខ្លាំងឡើង ហើយថែមទាំងបានស្តីបន្ទោសខ្លាំងថា «យឺតពេលហើយ ត្រឡប់ទៅវិញទៅ»។
គួរជម្រាបថា ចលនាបាតុកម្មនៅទីក្រុងបាងកក បានឡើងសន្ទុះសឹងមិនលោះមួយថ្ងៃ នារយៈពេលចុងក្រោយនេះ ដើម្បីទាមទារឲ្យរំលាយរដ្ឋសភា ក៏ដូចជាការទាមទារធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ចំណុចដែលប្លែកខុសពីធម្មតា សម្រាប់បាតុកម្មលើកនេះ នោះគឺថាក្រុមយុវជនទាំងនោះ ក៏បានទាមទារឲ្យធ្វើកំណែទម្រង់ ក្នុងស្ថាប័នព្រះមហាក្សត្រ ដែលជាប្រធានបទដ៏រសើបទៀតផង ៕