(វូហាន)៖ កាសែតរដ្ឋចិនបានសម្តែងការគាំទ្រ ចំពោះសកម្មភាពលេងកម្សាន្តរបស់ប្រជាជនទីក្រុងវូហាន នៅឯឧទ្យានកម្សាន្តមួយកន្លែងចំកណ្តាលទីក្រុង ក្រោយពីមានរូបភាពជាច្រើនសន្លឹក នៃសកម្មភាពប្រមូលផ្តុំគ្នាយ៉ាងកកកុញទាំងនោះ បានលេចធ្លាយដល់ក្រៅប្រទេស ចំពេលមានការភ័យខ្លាច នៃការរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រសហ្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០។
កាសែតជាភាសាអង់គ្លេសផ្លូវការរបស់ចិនឈ្មោះថា Globle Times បានចុះផ្សាយអត្ថបទមួយនៅលើទំព័រមុខរបស់ខ្លួនថា វីដេអូ និងរូបភាពនៃពិធីបុណ្យតន្ត្រីអេឡិចត្រូនិកមួយ នៅឯឧទ្យានកម្សាន្តវូហានម៉ាយ៉ា (Wuhan Maya Beach) កាលថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ ពិតជាបានបង្កភាពភ្ញាក់ផ្អើលខ្លាំងដល់បរទេស។ ប៉ុន្តែវាគឺបានឆ្លុះបញ្ចាំងពីការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ នៃទីក្រុងដែលបានរកឃើញករណីដំបូងបង្អស់ នៃជំងឺ COVID-19 មួយនេះ។
រឿងមួយទៀតនៅក្នុងកាសែតដដែលនេះ ដែលបានដកស្រង់ការផ្សាយពីកាសែត People’s Daily របស់បក្សកុម្មុយនីស្តចិន បានលើកឡើងដោយស្រង់សំដីអ្នករស់នៅទីក្រុងវូហានយ៉ាងដូច្នេះថា ពិធីជប់លៀងខាងលើនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់អាជ្ញាធរ ក្នុងកិច្ចប្រឹងប្រែងកំចាត់វីរុស COVID-19។
គួរជម្រាបថា ការចុះផ្សាយបែបនេះ បានធ្វើឡើងចំពេលដែលប្រទេសចិនទាំងមូល មិនបានរាយការណ៍ពីការរកឃើញករណីឆ្លងក្នុងស្រុក សម្រាប់រយៈពេល ០៤ថ្ងៃជាប់ៗគ្នាមកហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហានេះ។ ចិនដែលធ្លាប់ជាប្រទេសឈរលេខ ១ មានអ្នកឆ្លង COVID-19 ច្រើនបំផុតក្នុងលោក នៅពេលនេះគឺស្ថិតនៅលេខរៀងទី ៣៤ ជាមួយនិងករណីឆ្លងសរុប ៨៤,៨៩៥ករណី ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយវិញជាង ៧៩,៧០០នាក់៕