(សេអ៊ូល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗនៃ COVID-19 រហូតដល់ទៅ ២៨៨នាក់ ដែលត្រូវបានកត់ត្រាកំលុងពេល ២៤ម៉ោងកន្លងទៅនេះ ហើយវាក៏ជាថ្ងៃទី៧ផងដែរ ដែលកូរ៉េខាងត្បូងបានមើលឃើញ អត្រាលោតឡើងវិញនៃករណីឆ្លង ជាពិសេសនៅក្នុងរដ្ឋធានីសេអ៊ូលតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ទីក្រុងសេអ៊ូលបានកត់ត្រាករណីឆ្លង COVID-19 ចំនួន ១៣៥ករណីតែឯង និង ៨១ករណីនៅខេត្តគ្យុងជី (Gyeonggi) ខណៈ ១២ករណីទៀតជាប្រភេទនាំចូលពីបរទេស។ ការរកឃើញករណីឆ្លងកើនឡើងវិញនេះ បាននិងកំពុងបង្កក្តីបារម្ភជាខ្លាំង ជាពិសេសនៅទីក្រុងសេអ៊ូល ដែលបង្ខំឲ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងបន្ថែមទៀត ដើម្បីជម្រុញប្រជាជនឲ្យអនុវត្ត វិធានការរក្សាគម្លាតសុវត្ថិភាព។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុប ១៦,៣៤៦ករណី ក្នុងនោះស្លាប់ ៣០៧នាក់ និងជាសះស្បើយវិញ ១៤,០៦៣នាក់។ គិតចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សសរុប ១.៧៣លាននាក់ហើយ៕