(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសថា គណបក្សកាន់អំណាចរបស់លោក នឹងរៀបចំសមាជមួយនៅឆ្នាំក្រោយ ដើម្បីសម្រេចចិត្តលើផែនការថ្មីរយៈពេល ០៥ឆ្នាំ ខណៈលទ្ធផលនៃកិច្ចប្រជុំគណបក្ស កាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហាញថា ការកែលម្អសេដ្ឋកិច្ចជាតិ មានភាពយឺតយ៉ាវជាខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០។
ប្រភពពីទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា កិច្ចប្រជុំពេញអង្គរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង កាលពីថ្ងៃពុធសប្តាហ៍នេះ បានរៀបចំសមាជមួយនៅខែមករា ឆ្នាំ២០២១ ដើម្បីកំណត់ខ្សែបន្ទាត់នយោបាយ និងយុទ្ធសាស្ត្រថ្មី បន្ទាប់ពីបានពិនិត្យមើលមេរៀនដែលខ្លួនបានរៀន កាលពី ០៥ឆ្នាំកន្លងទៅនេះ។
កិច្ចប្រជុំពេញអង្គរបស់គណបក្សពលករកូរ៉េខាងលើនេះ បានធ្វើឡើងកំលុងពេលដែលប្រទេសដ៏ឯកោមួយនេះ កំពុងតស៊ូប្រយុទ្ធនឹងជំងឺឆ្លង COVID-19 យ៉ាងមមាញឹក និងកំពុងដោះស្រាយការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីគ្រោះទឹកជំនន់កាលពីពេលថ្មីៗនេះ។ នៅក្នុងកិច្ចប្រជុំនោះ លោក គីម ជុងអ៊ុន បានកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងបានជួបប្រទះ «ទាំងបញ្ហាប្រឈមដែលមិននឹកស្មានដល់ និងជៀសមិនរួចនៅក្នុងទិដ្ឋភាពផ្សេងៗគ្នា ក៏ដូចជាស្ថានភាពនៅក្នុងតំបន់»។
គួរជម្រាបថា សមាជចុងក្រោយបង្អស់របស់បក្សកាន់អំណាច តែមួយគត់នៅកូរ៉េខាងជើង បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៦ កន្លងទៅនេះ។ កាលណោះលោក គីម ជុងអ៊ុន បានប្រកាសផែនការសេដ្ឋកិច្ចប្រទេសរយៈពេល ០៥ឆ្នាំជាលើកដំបូងបង្អស់ ដែលមិនធ្លាប់មានចាប់តាំងពីទស្សវត្សឆ្នាំ១៩៨០ និងបានប្តេជ្ញាថា នឹងមិនប្រើអាវុធនុយក្លេអ៊ែរទេ លើកលែងតែអធិបតេយ្យភាពរបស់ប្រទេសនេះ ត្រូវបានរំលោភបំពានដោយភាគីណាមួយ។ សមាជឆ្នាំ២០១៦ នោះទៀតសោត ក៏ជាពេលដែលលោក គីម ជុងអ៊ុន ត្រូវបានជ្រើសតាំងជាផ្លូវការ ជាប្រធានគណបក្សពលករផងដែរ៕