(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានហៅមហាសេដ្ឋី និងជាម្ចាស់សារព័ត៌មានល្បីឈ្មោះមួយរូបនៅហុងកុងលោក ជីមមី ឡៃ (Jimmy Lai) ថា «បុរសដ៏ក្លាហាន» ក្រោយពីរូបលោកបានបង្ហាញការគាំទ្រ ចំពោះចលនាទាមទារលទ្ធិលប្រជាធិបតេយ្យនៅហុងកុង និងត្រូវបានចាប់ខ្លួន ហើយដោះលែងវិញកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានថ្លែងកំលុងពេលធ្វើសន្និសីទសារព័ត៌មាន ចេញពីសេតវិមានយ៉ាងដូច្នេះថា «ខ្ញុំបានជូនពរគាត់ដ៏ប្រសើរថ្លៃថ្លា...។ លោក Jimmy Lai ពិតជាបុរសដ៏ក្លាហានម្នាក់»។ នៅក្នុងថ្ងៃដដែលនោះ សហរដ្ឋអាមេរិកក៏បានប្រកាសជាផ្លូវការ អំពីការដកខ្លួនចេញពី សន្និសញ្ញាជាមួយហុងកុងទៅការធ្វើបត្យាប័ន និងពន្ធគយ ព្រោះពេលនេះទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា ហុងកុងត្រឹមជាទីក្រុងពាក់កណ្តាលស្វយ័ត របស់ចិនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា មហាសេដ្ឋីហុងកុង និងជាម្ចាស់សារព័ត៌មានល្បីមួយរូបផងដែរគឺ លោក Jimmy Lai ត្រូវបានចាប់ខ្លួនដោយប៉ូលិសហុងកុង និងដោះលែងវិញក្នុងរយៈពេល ៤០ម៉ោងកាលពីសប្តាហ៍មុន ហើយពីរថ្ងៃក្រោយមកទៀត បុរសវ័យ ៧១ឆ្នាំរូបនេះបានបង្ហាញមុខ នៅក្នុងបន្ទប់ផ្សាយព័ត៌មានរបស់ខ្លួនឡើងវិញជាធម្មតា៕