(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិករបស់លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានសម្រេចផែនការមួយដ៏ចម្រូងចម្រាស ដែលនឹងអនុញ្ញាតឲ្យមានការខួងប្រេង និងឧស្ម័ននៅក្នុងតំបន់ជម្រកសត្វព្រៃអាក់ទិករបស់រដ្ឋអាឡាស្កា ខណៈក្រុមអ្នកការពារបរិស្ថានមើលឃើញថា ជាការបំផ្លាញបេះដូងនៃទីជម្រកសត្វដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០។

អភិបាលរដ្ឋអាឡាស្កាលោក Michael Dunleavy បានមានប្រសាសន៍ថា ការបើកតំបន់ជម្រកសត្វព្រៃអាក់ទិករបស់រដ្ឋអាឡាស្កា ឬហៅកាត់ថា ANWR ដើម្បីខួងប្រេងនិងឧស្ម័ននឹងជួយបង្កើតការងារ និងជំរុញសេដ្ឋកិច្ចរបស់រដ្ឋ ដែលពឹងផ្អែកលើផលិតកម្មប្រេង។ ទោះជាយ៉ាងណា ក្រុមអ្នកប្រជាធិតេយ្យរួមទាំងបេក្ខជនប្រធានាធិបតីលោក Joe Biden និងក្រុមអ្នកការពារបរិស្ថាន បានរិះគន់ចំពោះសេចក្តីសម្រេចនេះថាជា ជំហាននាំទៅរកអន្តរាយដល់ប្រព័ន្ធអេកូឡូស៊ីនិងប្រជាជនដើមរបស់អាក់ទិក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក David Bernhardt បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈខ្សែរទូរស័ព្ចថា ក្រសួងអាចនឹងរៀបចំការលក់សិទ្ធិបូមប្រេងនិងឧស្ម័ននៅតំបន់ ANWR ទៅឲ្យក្រុមហ៊ុននានា នៅដំណាច់ឆ្នាំនេះតែម្តង។

គួរជម្រាបថា សេចក្តីសម្រេចនេះនឹងអនុញ្ញាតឲ្យមានការជួលដីនៅតំបន់ឆ្នេរសមុទ្រ ដែលមានទំហំ ១.៦ លាន Acre (៦៥មុឺនហិចតា) ដែលជាផ្នែកមួយនៃទីជម្រកដ៏កក់ក្តៅ សម្រាប់ពពួកសត្វជាច្រើន ដែលភៀសទៅរស់នៅទីនោះពេញមួយឆ្នាំ។ ហើយការសម្រេចចិត្តនេះទៀតសោត វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍប្រេងឥន្ធនៈផូស៊ីលនៅក្នុងតំបន់ ដែលមិនធ្លាប់បានប៉ះពាល់ទាល់តែសោះក្នុងពេលជាងបីទសវត្សរ៍មកនេះ៕