(ព្រុចស៊ល)៖ សហភាពអឺរ៉ុបនៅថ្ងៃសុក្រនេះ ជាលើកដំបូងបំផុត បានសម្រេចយល់ព្រមបញ្ជាទិញវ៉ាក់សាំង COVID-19 ទុកជាមុន ពីក្រុមហ៊ុន AstraZeneca យ៉ាងហោចណាស់ ៣០០លានដូស ខណៈទង្វើនេះត្រូវគេមើលឃើញថា អាចបង្កឲ្យគំនិតផ្តួចផ្តើមរបស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីការចាត់ចែងទិញវ៉ាក់សាំងជាលក្ខណៈសកល បាត់បង់ប្រសិទ្ធភាព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។
គណៈកម្មការអឺរ៉ុប ដែលកំពុងចរចាកិច្ចព្រមព្រៀងដោយជួសមុខឲ្យប្រទេសជាសមាជិកទាំង២៧របស់ EU បាននិយាយថា កិច្ចព្រមព្រៀងខាងលើ ថែមទាំងរួមមាននូវជម្រើសក្នុងការទិញបន្ថែមចំនួន ១០០លានដូសទៀតពីក្រុមហ៊ុនផលិតថ្នាំ-វ៉ាក់សាំង ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះ ប្រសិនបើវ៉ាក់សាំងរបស់ពួកគេ ទទួលបានលទ្ធផលផ្លូវការថា មានសុវត្ថិភាពនិងប្រសិទ្ធភាព។
កិច្ចព្រមព្រៀងទ្វេភាគីរបស់សហភាពអឺរ៉ុបខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសអ្នកមានជាច្រើន ជាពិសេសសហរដ្ឋអាមេរិក បានចុះកុងត្រាបញ្ជាទិញទុកជាមុននូវវ៉ាក់សាំង COVID-19 រៀងៗខ្លួនពីក្រុមហ៊ុនផ្សេងៗគ្នា។ ទង្វើបែបនេះហាក់ផ្ទុយពីគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ដែលចង់ឃើញវ៉ាក់សាំងទាំងនោះ ត្រូវបានចែកចាយឲ្យស្មើភាពគ្នាទៅកាន់បណ្តាប្រទេសអ្នកមាននិងប្រទេសអ្នកក្រ ដោយ WHO ផ្ទាល់ ដើរតួជាអ្នកចាត់ចែងរឿងនេះ៕