(អង់ការ៉ា)៖ ក្រសួងការបរទេសតួកគី បានចេញមុខមកស្តីបន្ទោសប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ខ្លាំងៗ ចំពោះកិច្ចព្រមព្រៀងដែលប្រទេសអារ៉ាប់មួយនេះ បានធ្វើឡើងជាមួយប្រទេសអ៊ីស្រាអែល សំដៅធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានសភាពប្រក្រតីឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយរបស់ខ្លួន ក្រសួងការបរទេសតួកគីនៅថ្ងៃសុក្រនេះ បានលើកឡើងយ៉ាងដូច្នេះថា «ប្រវត្តិសាស្ត្រនិងមនសិការរបស់ប្រជាជនក្នុងតំបន់នឹងមិនអាចភ្លេច ហើយក៏នឹងមិនអភ័យទោស ចំពោះអាកប្បកិរិយាលាក់ពុតរបស់ UAE ឡើយ ដែលព្យាយាមបង្ហាញថា ខ្លួនបានលះបង់សម្រាប់ប៉ាឡេស្ទីន ខណៈដែលតាមពិតគឺ UAE បាននិងកំពុងក្បត់បុព្វហេតុប៉ាឡេស្ទីន ដើម្បីផលប្រយោជន៍ដ៏តិចតួចរបស់ខ្លួន»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងរាជទាយាទរបស់ UAE គឺព្រះអង្គម្ចាស់ Zayed Al Nahyan បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយនិយាយថាភាគីទាំងបីបានឯកភាពលើ «ការធ្វើឲ្យប្រក្រតីឡើងវិញទាំងស្រុងនូវទំនាក់ទំនង» រវាងអ៊ីស្រាអែល និង UAE និងការជំរុញឲ្យមានសន្តិភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
គួរជម្រាបថា បើយោងតាមកិច្ចព្រមព្រៀងខាងលើនេះ អ៊ីស្រាអែលនឹងផ្អាកការកាត់យកទឹកដីប៉ាឡេស្ទីននៅតំបន់វេសប៊ែង (West Bank) និងផ្តោតការខិតខំរបស់ខ្លួននៅពេលនេះ លើការពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃទៀត នៃពិភពអារ៉ាប់និងមូស្លីម។ កិច្ចព្រមព្រៀងនេះទៀតសោត ធ្វើឲ្យអេមីរ៉ាត់អារ៉ាប់រួម ក្លាយជារដ្ឋអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រដំបូងគេបំផុត និងជាប្រជាជាតិអារ៉ាប់ទី៣ បន្ទាប់ពីអេហ្ស៊ីប និងហ្ស៊កដានី ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល៕