(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសថា ប្រទេសរបស់លោកមិនទទួលជំនួយពីខាងក្រៅនោះឡើយ បើទោះបីជាខ្លួនបាន និងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។
ការប្រកាសរបស់លោក គីម ជុងអ៊ុន ខាងលើនេះត្រូវបានធ្វើឡើង នៅកំលុងកិច្ចប្រជុំលើកទី ១៦ របស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមទី ៧ របស់គណបក្សពលករកូរ៉េ (WPK) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការទប់ទល់គ្រោះទឹកជំនន់ និងវិបត្តិសកលបង្កឡើងដោយជំងឺ COVID-19។
KCNA បានដកស្រង់ពាក្យសម្តីលោក គីម ជុងអ៊ុន ដែលបានលើកឡើងយ៉ាងដូច្នេះថា «វិបត្តិនៃវីរុសកូរ៉ូណាដែលកំពុងរីកធំឡើងៗ នៅទូទាំងសកលលោក កំពុងបង្ខំឲ្យយើងបិទព្រំដែន និងអនុវត្តវិធានការទប់ស្កាត់វីរុសយ៉ាងតឹងរ៉ឹង ព្រមទាំងបដិសេធក្នុងការទទួលជំនួយពីខាងក្រៅ បើទោះបីជាយើងបានរងការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរដោយគ្រោះជំនន់ក៏ដោយ»។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរកូរ៉េខាងជើង វាលស្រែប្រមាណជាង ៣៩,០០០ហិកតាបានរងការលិចលង់ ខណៈផ្ទះសម្បែង ១៦,៦៨០ខ្នង និងអគារសាធារណៈ ៦៣០ខ្នងបានរងការលិចលង់ផង និងខូចខាតផង ឬខ្លះត្រូវបានបំផ្លាញខ្ទេចខ្ទីតែម្តង។ លោក គីម បានណែនាំបន្ថែមទៀត ឲ្យមន្ត្រីតាមមូលដ្ឋានត្រូវតែទទួលខុសត្រូវ ចំពោះជីវិតរស់នៅរបស់ប្រជាជន និងត្រូវសង្គ្រោះពួកគេពីក្តីលំបាកវេទនាឲ្យអស់ពីលទ្ធភាព៕