(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ នេះថា ខ្លួនបានចុះឈ្មោះរួចរាល់ហើយ ដើម្បីទិញវ៉ាក់សាំងប្រឆាំង COVID-19 ពីប្រទេសរុស្ស៊ី ខណៈប្រទេសអាស៊ានមួយនេះ ក៏កំពុងព្យាយាមយ៉ាងខ្លាំងដែរ ក្នុងការទប់ទល់ការផ្ទុះរលកទី ២ ចេញពីទីក្រុងដាណាង (Da Nang)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ VTV ក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា «នៅក្នុងស្ថានភាពនេះ វៀតណាមនៅតែបន្តអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 ដោយខ្លួនឯងបន្តទៅទៀតដដែល។ ប៉ុន្តែពេលនេះ វៀតណាមក៏បានចុះឈ្មោះ ដើម្បីទិញវ៉ាក់សាំងប្រឆាំង COVID-19 ពីប្រទេសរុស្ស៊ីរួចហើយដែរ»។
គិតចាប់តាំងពីការផ្ទុះជំងឺឆ្លង COVID-19 យ៉ាងកក្រើក នៅទីក្រុង Da Nang ភាគកណ្តាលប្រទេស ដែលបង្ខំឲ្យមានការបិទ ទីក្រុងជាប់ឆ្នេរសមុទ្រមួយនេះ ករណីឆ្លងសរុបនៅវៀតណាម បានកើនឡើងដល់ ៩១១ករណី ក្នុងនោះអ្នកស្លាប់មាន ២១នាក់ និងជាសះស្បើយ ៤១១នាក់។ ទោះបីជាស្ថិតនៅក្នុងកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសអាស៊ាន និងប្រទេសនានាលើពិភពលោកក្តី ក៏ចំនួនប្រជាជនច្រើនកកកុញ គឺជាក្តីកង្វល់ធំបំផុតរបស់ទីក្រុងហាណូយ ព្រោះប្រសិនបើការគ្រប់គ្រងស្ថានការណ៍ COVID-19 ខ្វះចន្លោះតែបន្តិចនោះករណីឆ្លងនឹងផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំមិនខាន។
គួរបញ្ជាក់ថា វៀតណាមជាប្រទេសទីពីរហើយនៅអាស៊ាន ដែលបានប្រកាសទទួលយកវ៉ាក់សាំង COVID-19 ពីរុស្ស៊ីជាផ្លូវការ បន្ទាប់ពីប្រទេសហ្វីលីពីន។ កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសពីការអនុម័តឲ្យប្រើវ៉ាក់សាំង Sputnik V របស់ខ្លួនជាផ្លូវការ ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនបានទទួលជោគជ័យមុនគេ ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 បើទោះបីជាការធ្វើតេស្តចុងក្រោយ នៅតែកំពុងបន្តក៏ដោយ៕