(វ៉ាស៊ីនតោន)៖ ប្រទេសអ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម បានឈានដល់កិច្ចព្រមព្រៀងមួយ ក្រោមការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក សំដៅធ្វើការងាររួមគ្នា ដើម្បីផ្សាភ្ជាប់ និងធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ត្រឡប់ទៅរកភាពប្រក្រតីវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។
នៅក្រោមកិច្ចព្រមព្រៀង ដែលត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ៉ីស្រាអែលក៏បានអះអាងផងដែរថា ខ្លួននឹងផ្អាកផែនការ កាត់យកទឹកដីប៉ាឡេស្ទីននៅក្នុងតំបន់ វែសត៍ ប៊ែង (West Bank) តែផែនការនេះនៅតែមាននៅលើតុដដែល។
អ៉ីស្រាអែលបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពជាមួយអេហ្ស៊ីប ក្នុងឆ្នាំ១៩៧៩ និងជាមួយហ្ស៊កដានីក្នុងឆ្នាំ១៩៩៤។ ក៏ប៉ុន្តែសម្រាប់អេមីរ៉ាតអារ៉ាប់រួម រួមទាំងប្រទេសអារ៉ាប់ភាគច្រើន មិនបានទទួលស្គាល់អ៉ីស្រាអែលជាប្រទេសស្របច្បាប់ឡើយ ហើយក៏មិនមានទំនាក់ទំនងការទូត ឬសេដ្ឋកិច្ចជាមួយទីក្រុងតែលអាវីលនោះដែរ រហូតមកទល់នឹងបច្ចុប្បន្ន។
ដូច្នេះកិច្ចព្រមព្រៀងខាងលើ នឹងធ្វើឱ្យអេមីរ៉ាត់អារ៉ាប់រួម ក្លាយជារដ្ឋអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រដំបូងគេបំផុត និងជាប្រជាជាតិអារ៉ាប់ទី ៣ បន្ទាប់ពីអេហ្ស៊ីប និងហ្ស៊កដានី ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល។ បន្ថែមពីលើនេះ នៅក្រោមកិច្ចព្រមព្រៀងនេះទៀតសោត អេមីរ៉ាត់អារ៉ាប់រួម និងអ៉ីស្រាអែល ក៏នឹងពិចារណាដាក់ស្ថានទូត ក៏ដូចជាភ្ជាប់ជើងហោះហើរដោយផ្ទាល់រវាងទីក្រុង អាប៊ូដាប៊ី និងទីក្រុង តែលអាវីវផងដែរ។
គួរជម្រាបថា កិច្ចព្រមព្រៀងរវាងអេមីរ៉ាតអារ៉ាប់រួម និងអ៉ីស្រាអែល ត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាត់ទុកថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្រោមការសាទរ និងស្វាគមន៍ពីអង់គ្លេស រួមទាំងអេហ្ស៊ីបផងដែរ។ លោក ត្រាំ ថែមទាំងអំពាវនាវឱ្យប្រទេសអារ៉ាប់ ឬកាន់សាសនាអ៉ីស្លាមផ្សេងទៀតជុំវិញពិភពលោក យកគំរូតាមអេមីរ៉ាត់អារ៉ាប់រួម ទៀតផង។ ប៉ុន្តែប៉ាឡេស្ទីនបានថ្កោលទោស ព្រមទាំងទាំងចាត់ទុកថា វាគឺជាការលួចចាក់ពួកគេពីក្រោយខ្នងទៀតផង៕