(ហុងកុង)៖ កងទ័ពអាកាសអាមេរិក បានបញ្ជូនយន្ដហោះបំបាំងកាយ និងទម្លាក់គ្រាប់បែក B-2 ចំនួនបីគ្រឿងទៅកាន់កោះ ឌីហ្គោ ហ្គាសៀ (Diego Garcia) ស្ថិតនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា ជាលើកដំបូងបំផុតគិតចាប់តាំងពីឆ្នាំ២០១៦ ចំពេលដែលចិននៅតែបន្ត បង្កើនការធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិតកំញើញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។
បើតាមប្រភពពីយោធាអាមេរិក យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនុយក្លេអ៊ែរ B-2 ទាំងបីគ្រឿងខាងលើ បានហោះចាកចេញពីមូលដ្ឋានទ័ពអាកាស វ៉ៃត៍មែន (Whiteman) ក្នុងរដ្ឋមីសួរី (Missouri) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានហោះឆ្លងកាត់ភាគខាងជើងប្រទេសអូស្រ្តាលី ឆ្ពោះទៅកាន់កោះ Diego Garcia និងបានចាក់សាំង នៅលើអាកាសជាច្រើនលើកផងដែរ។
ទោះបីជាយន្ដហោះទម្លាក់គ្រាប់បែកទាំងនេះ មិនបានហោះឆ្លងកាត់តំបន់សំខាន់ៗ នៃផ្នែកខាងលិចតំបន់ប៉ាស៊ីហ្វិក, តំបន់សមុទ្រចិនខាងត្បូង ឬច្រកសមុទ្រតៃវ៉ាន់ក៏ដោយ តែវត្តមានរបស់យន្ដហោះ B-2 ត្រូវបានគេមើលឃើញថា ជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ពីការពង្រឹង វត្តមានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា ព័ត៌មានពីការដាក់ពង្រាយ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនុយក្លេអ៊ែរ B-2 ទាំងបីគ្រឿងខាងលើ កើតមានឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំថៃ្ងតែមួយដែលកោះតៃវ៉ាន់ ប្រកាសពីការបង្កើនកញ្ចប់ថវិកាយោធា សម្រាប់ឆ្នាំ២០២១ និងស្វែងរកការធានាសន្តិសុខពីសហរដ្ឋអាមេរិក ប្រឈមមុខនឹងការគំរាមកំហែងពីចិន។ កងទ័ពរំដោះប្រជាជនចិន PLA នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ គ្រោងនឹងដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយ រយៈពេល ០២ថ្ងៃនៅឯទីប្រជុំកោះ ចូវសាន (Zhoushan) ស្ថិតនៅចំងាយ ៥៥០គីឡូម៉ែត្រពីភាគខាងជើងកោះតៃវ៉ាន់៕