(ហុងកុង)៖ ការិយាល័យសន្តិសុខចិនប្រចាំទីក្រុងហុងកុង បាននិយាយថា ខ្លួនពិតជាគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរហុងកុង ជុំវិញការចាប់ខ្លួនមហាសេដ្ឋីលោក Jimmy Lai និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យទាំង០៩នាក់ផ្សេងទៀត នៅលើទឹកដីហុងកុង កាលពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍នេះ ការិយាល័យសន្តិសុខចិនប្រចាំទីក្រុងហុងកុងបានគូសបញ្ជាក់ថា ខ្លួនគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់ប៉ូលិសហុងកុង។ នេះជាលើកទីមួយហើយ ដែលការិយាល័យមួយនេះ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ចាប់តាំងពីវាត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៨ ខែកក្កដាកន្លងទៅនេះ ក្រោមក្របខណ្ឌនៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ដែនដីហុងកុង។

គួរជម្រាបថា លោក Jimmy Lai ដែលជាមហាសេដ្ឋី និងជាចាងហ្វាងកាសែតមួយរូប ដែលល្បីខាងរិះគន់រដ្ឋាភិបាលចិនមិនសំចៃមាត់ ត្រូវបានអាជ្ញាធរហុងកុងចាប់ខ្លួនក្រោមច្បាប់សន្តិសុខថ្មីកាលពីថ្ងៃទី១០ ខែសីហា។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក មហាសេដ្ឋីសារព័ត៌មានរូបនោះ ក៏ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ បើតាមប៉ូលិសហុងកុងម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មហាសេដ្ឋីរូបនេះត្រូវបានចាប់ខ្លួន ពីបទគប់គិតជាមួយបរទេស ដែលជាបទឧក្រិដ្ឋមួយ មានចែងក្នុងច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានអនុម័តឲ្យប្រើនៅទីក្រុងហុងកុង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕