(បែរឡាំង)៖ ក្រោយពីធ្វើការរិះគន់ និងបង្ហាញមន្ទិលសង្ស័យជាច្រើន ជុំវិញការប្រកាសជោគជ័យ លើការផលិតវ៉ាក់សាំងប្រឆាំង COVID-19 ដោយប្រទេសរុស្ស៊ីនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះតែម្តងថា ការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា របស់ប្រទេសអាល្លឺម៉ង់ អាចនឹងសម្រេចបានជោគជ័យនៅប៉ុន្មានខែទៀត ឬបើឲ្យប្រាកដតែម្តងនោះ គឺនៅក្នុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២១។
រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក ហ្សែនស៍ ស្ពេន (Jens Spahn) បានបញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុក ZDF យ៉ាងដូច្នេះថា «ខ្ញុំសុទិដ្ឋិនិយមថា វានឹងអាចកើតឡើងនៅប៉ុន្មានខែទៀត ហើយសម្រាប់ភាពច្បាស់លាស់តែម្តងនោះ គឺនៅឆ្នាំក្រោយនេះទើបមានវ៉ាក់សាំងដំបូង (វ៉ាក់សាំងប្រឆាំង COVID-19)»។
គួរបញ្ជាក់ថា ការចេញមុខអះអាងពីសំណាក់ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ខាងលើនេះ បានកើតមានឡើងបន្ទាប់ពី វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រអាល្លឺម៉ង់ រ៉ូប៊ឺត ខូច (Robert Koch) បានចេញសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងដំបូងរបស់អាល្លឺម៉ង់ អាចនឹងសម្រេចចេញនៅរដូវស្លឹកឈើជ្រុះ (ចាប់ពីខែកញ្ញា ដល់ខែតុលា) ឆ្នាំនេះ។ ប៉ុន្តែក្រោយមកទៀតវិទ្យាស្ថានដដែលនេះ បានចេញមុខអះអាងជាថ្មីថា ខ្លួនបានចេញផ្សាយព័ត៌មាន ដោយការភ័ន្តច្រឡំប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ បានបដិសេធក្នុងអះអាងថា នៅក្នុងខែណាឲ្យប្រាកដដែលវ៉ាក់សាំងនឹងត្រូវប្រកាស ព្រោះវានៅសល់រហូតដល់ទៅ ០៤ខែទៀត ទើបឆ្នាំ២០២០ ត្រូវបញ្ចប់។ លោករដ្ឋមន្ត្រី Jens Spahn បានត្រឹមសង្កត់ធ្ងន់ជាចុងក្រោយថា យើងត្រូវតែអរគុណចំពោះក្រុមអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងសាធារណជន ដែលបានចូលរួមក្នុងការអភិវឌ្ឍ វ៉ាក់សាំងប្រឆាំង COVID-19 ហើយវាក៏អាចក្លាយជាប្រភេទវ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍឡើងលឿនបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរ៕