(ម៉ូស្គូ)៖ នាយកមូលនិធិរុស្ស៊ី RDIF លោក ឃីរីល ឌីមីទ្រីវ (Kirill Dmitriev) បាននិយាយថា ប្រទេសរបស់លោកបានធ្វើការយ៉ាងមានប្រសិទ្ធភាព លើវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ណា អស់រយៈពេលជាង ០៦ឆ្នាំមកហើយ ខណៈវ៉ាក់សាំង COVID-19 រុស្ស៊ី កំពុងរងការរិះគន់ និងសង្ស័យពីប្រសិទ្ធភាពរួមទាំងសុវត្ថិភាព ពីសំណាក់បណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC លោក Kirill Dmitriev បានឱ្យដឹងទៀតថា សិក្សាស្រាវជ្រាវលើការអភិវឌ្ឍវ៉ាក់សាំងអេបូឡា និងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ឬ មើស (MERS) ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានជួយឱ្យរុស្ស៊ីអាចអភិវឌ្ឍបានសម្រេច នូវវ៉ាក់សាំង COVID-19 ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដែលទើបតែចុះបញ្ជីទទួលស្គាល់ ដំបូងគេបំផុតលើពិភពលោកកាលពីថ្ងៃអង្គារកន្លងទៅ។
លោក Dmitriev បានគូសបញ្ជាក់ដូច្នេះថា «យើងមានសំណាងណាស់ ដែលវីរុសកូរ៉ូណា មានទំនាក់ទំនងជិតស្និទ្ធនឹង MERS។ ដូច្នេះយើងត្រៀមខ្លួនជាស្រេច ឆ្ពោះទៅរកការផលិតវ៉ាក់សាំងសម្រាប់ MERS។ យើងបានសិក្សារយៈពេល ០២ឆ្នាំមកហើយលើ MERS និងបានកែប្រែបន្តិចបន្ដួច ទៅជាវ៉ាក់សាំងកូរ៉ូណាវីរុស»។ លោក Dmitriev បាបបន្ថែមថា នេះគឺជារឿងពិតមិនមែននយោបាយឡើយ... ហើយរុស្ស៊ី តែងតែឈានមុខគេជានិច្ច ក្នុងការស្រាវជ្រាវវ៉ាក់សាំង។
ដោយឡែកអង្គការសុខភាពពិភពលោក (WHO) ធ្លាប់បញ្ជាក់ថា បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលជំងឺ MERS ស្របពេលប្រទេសជាច្រើនកំពុងធ្វើការអភិវឌ្ឍវ៉ាក់សាំង ហើយកាលពីខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុម័តជាលើកដំបូង លើវ៉ាក់សាំងប្រឆាំងវីរុសអេបូឡា។
គួរជម្រាបថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រុស្ស៊ីបានប្រកាសពីជោគជ័យ និងបានចុះបញ្ជីទទួលស្គាល់វ៉ាក់សាំង COVID-19 ដែលមានឈ្មោះថា Sputnik V ទាំងមិនទាន់បាន ឆ្លងកាត់ការធ្វើតេស្ដលើមនុស្សក្នុងតំណាក់កាលទី ៣ ជាហេតុបង្កឱ្យបណ្ដាប្រទេសលោកខាងលិច សង្ស័យលើប្រសិទ្ធភាព និងសុវត្ថិភាព ហើយខ្លះចោទថា រុស្ស៊ីតក់ក្រហល់ទទួលស្គាល់វ៉ាក់សាំង ព្រោះតែចង់បានមុខមាត់។ ប៉ុន្តែរុស្ស៊ីនៅតែប្រកាន់ជំហរដដែលថា វ៉ាក់សាំងរបស់ខ្លួនត្រូវបានត្រួតពិនិត្យ តាមបទដ្ឋានស្ដង់ដាយ៉ាងត្រឹមត្រូវ។
បើតាមលោក Kirill Dmitriev វ៉ាក់សាំង Sputnik V នឹងត្រូវបានចាប់ផ្ដើមផលិតទ្រង់ទ្រាយធំ សម្រាប់ទីផ្សារបរទេស នៅក្នុងខែកញ្ញាខាងមុខ ខណៈវ៉ាក់សាំង ១ពាន់លានដូស ឬដប ទទួលបានការចាប់អារម្មណ៍ពីប្រទេសចំនួន ២០។ លើសពីនេះទៅទៀត លោក Dmitriev ក៏បានឱ្យដឹងដែរថាវ៉ាក់សាំងនេះ អាចនឹងមាននៅលើទីផ្សារបរទេស នៅខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ ហើយបុគ្គលិកពេទ្យ និងជនងាយរងគ្រោះក្នុងប្រទេសរុស្ស៊ី នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ ក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខ។
ទោះជាយ៉ាងនេះក្តី វ៉ាក់សាំងរបស់រុស្ស៊ីត្រូវបានអ្នកតាមដានអន្តរជាតិមើលឃើញថា នឹងជួបឧបសគ្គធំ ដើម្បីជ្រៀតចូលទីផ្សារលោកខាងលិច ហើយក៏ត្រូវការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ជាមុនសិនផងដែរ ទើបរដ្ឋាភិបាលប្រទេសនានាដែលជាសមាជិក WHO អាចបើកភ្លើងវខៀវទទួលយក ដោយមិនខ្លាចប្រជាជនរបស់ពួកគេប្រឆាំង៕