(សេអ៊ូល)៖ រូបភាពផ្កាយរណបជាច្រើនសន្លឹក បានបង្ហាញទឹកជំនន់នាពេលថ្មីៗនេះ នៅក្នុងប្រទេសកូរ៉េខាងជើង ប្រហែលជាបានធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួននៃរោងចក្រនុយក្លេអ៊ែរ ដ៏សំខាន់មួយនៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ។ នេះបើតាមប្រភពពីវិទ្យាស្ថាន ឃ្លាំមើលស្ថានការណ៍កូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។
វិទ្យាស្ថានឃ្លាំមើលស្ថានការណ៍កូរ៉េខាងជើង 38 North បានឱ្យដឹងទៀតថា រូបភាពផ្កាយរណបខាងលើ ដែលត្រូវបានថតពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ គឺបង្ហាញពីការគំរាមកំហែងដោយគ្រោះទឹកជំនន់ លើរោងចក្រនុយក្លេអ៊ែរ យ៉ុងប្យុន (Yongbyon) ខណៈឧបទ្វីបកូរ៉េបាន និងកំពុងរងគ្រោះដោយសារជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជារួម ព្រមទាំងឆក់យកជីវិតមនុស្សជាច្រើននាក់ ទំាងនៅកូរ៉េខាងជើង និងកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ Yongbyon មានទីតាំងស្ថិតតាមបណ្ដោយច្រាំងទន្លេ គួយ៉ុង (Kuryong) ស្ថិតនៅចំងាយ ១០០គីឡូម៉ែត្រ ពីភាគខាងជើងរដ្ឋធានីព្យុងយ៉ាង ត្រូវបានគេចាត់ទុកថា ជាជម្រករោងចក្រ និងរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងប្រើប្រាស់ ដើម្បីសិក្សាស្រាវជ្រាវ កែច្នៃ និងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕