(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានដឹកនាំការធ្វើតេស្ដរួមគ្នាប្រកបដោយជោគជ័យ នូវប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោង អារ៉ូ ២ (Arrow-2) នៅថ្ងៃពុធសប្ដាហ៍នេះ ចំពេលកំពុងមានភាពតានតឹងជាមួយអ៉ីរ៉ង់។ នេះបើតាមប្រភពពីទីភ្នាក់ងារការពារមីស៊ីលអាមេរិក (MDA) ដកស្រង់ដោយទីភ្នាក់ងារ Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារការពារមីស៊ីលអាមេរិក (MDA) បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលីស្ទីគ
Arrow-2 ត្រូវបានធ្វើតេស្ដប្រកបដោយជោគជ័យ ដោយបានស្ទាក់ចាប់ និងបំផ្លាញគោលដៅយ៉ាងល្អឥតខ្ចោះ»។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានធ្វើប្រតិបត្តិការ ប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលីស្ទីគ Arrow-2 ដែលជាប្រភេទជាប្រព័ន្ធមីស៊ីល លឿនជាងសំឡេងរហូតដល់ទៅ ៩ដង ចាប់តាំងពីឆ្នាំ២០០០ មកម្ល៉េះ។ ប្រព័ន្ធមីស៊ីល Arrow 2 អាចស្ទាក់ចាប់មីស៊ីលសត្រូវក្នុងចម្ងាយ ១៤៩គីឡូម៉ែត្រ ហើយបច្ចុប្បន្នអ៉ីស្រាអែល កំពុងសហការជាមួយសហរដ្ឋអាមេរិក អភិវឌ្ឍប្រព័ន្ធមីស៊ីលជំនាន់ក្រោយ Arrow-3៕