(ហាណូយ)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បាននិយាយនៅថ្ងៃពុធនេះថា ក្នុងកំឡុងពេល ១០ថ្ងៃខាងមុខនេះ គឺជាពេលវេលា ដ៏សំខាន់បំផុតសម្រាប់ប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 ដែលបានផ្ទុះឡើងជាថ្មីម្តងទៀត កាលពីចុងខែកក្កដា កន្លងទៅនេះ ក្រោយពីប្រទេសនេះ ពុំបានរកឃើញករណីឆ្លងក្នុងស្រុក ប្រមាណជា ៣ខែមកហើយនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានលើកឡើងយ៉ាងដូច្នេះថា៖ «ចូរកត់សម្គាល់ថា កំឡុងសប្តាហ៍នេះ រហូតដល់សប្តាហ៍ ក្រោយ គឺជាពេលវេលាសំខាន់បំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19…តើវិធានការអ្វីខ្លះដែលយើងគួរបន្តអនុវត្តដើម្បីយកឈ្នះវីរុស? តើមេរៀនអ្វីខ្លះ ដែលយើងបានរៀនពីការផ្ទុះឡើងជាថ្មីម្តងទៀត នាពេលបច្ចុប្បន្ននេះ?»
គួរជម្រាបថា កាលពីដើមទី ប្រទេសវៀតណាម ត្រូវបានគេកោតសរសើរចំពោះការគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសបានល្អ តាមរយៈការធ្វើតេស្ត ក៏ដូចជា បានចាត់វិធានការនានាបានទាន់ពេលវេលា។ ប៉ុន្តែ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយពីបានរកឃើញករណីឆ្លងជាចង្កោមចម្លងថ្មីៗ ក្នុងទីក្រុងដាណាង ស្ថិតនៅភាគកណ្តាលប្រទេស កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅនេះ ករណីឆ្លងថ្មីៗនៅក្នុងប្រទេស ក៏ត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់។
នៅថ្ងៃពុធ ទី១២ ខែសីហានេះ វៀតណាមបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ ចំនួន ១៧ ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបបានកើនដល់ ៨៨០ករណី ក្នុងនោះស្លាប់១៧នាក់ និងជាសះស្បើយចំនួន ៤០០ នាក់៕