(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បាននិយាយ នៅថ្ងៃអង្គារនេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងចលនា បាតុកម្មរបស់និសិ្សត ដែលបានដាក់ចេញនូវការទាមទារចំនួន១០ចំណុច ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់របបរាជានិយមនៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។
ក្រុមបាតុករពី៣,០០០-៤,០០០នាក់ បានស្រែកថា «លិទ្ធប្រជាធិបតេយ្យយូរអង្វែង» នៅឯសាកលវិទ្យាល័យ Thammasat ស្ថិតនៅជាយទីក្រុងបាងកក កាលពីយប់ថ្ងៃចន្ទ ជាមួយការអំពាវនាវឲ្យលោក ប្រាយុទ្ធ លាលែងពីតំណែង និងបញ្ចប់ការត្រួតត្រាលើនយោបាយរបស់យោធា។ ប៉ុន្តែ ក្រុមតវ៉ាប្រឆាំងដែលមកពីក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ នៃសាកលវិទ្យាល័យ Thammsat ក៏បានចេញការទាមទារចំនួន ១០ចំណុចឲ្យមានការកែទម្រង់របបរាជានិយម នៅក្នុងប្រទេសថៃផងដែរ។
គួរជម្រាបថា ប្រទេសថៃ មានច្បាប់យ៉ាងតឹងរឹងប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ដោយផ្ដន្ទាទោសដាក់ពន្ធធនាគាររហូតដល់ ១៥ឆ្នាំ។ លោក ប្រាយុទ្ធ ធ្លាប់បានព្រមាន កុំឱ្យក្រុមអ្នកតវ៉ា យករបបរាជានិយមចូលមកពាក់ព័ន្ធ។ តែទន្ទឹមគ្នា លោក បា្រយុទ្ធ បានអះអាងថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលបានគ្រងរាជ្យបន្ទាប់ពី ការសោយទិវង្គតរបស់ព្រះបិតារបស់ទ្រង់ កាលពីឆ្នាំ២០១៦ បានស្នើសុំលោក មិនឲ្យមានការចាប់ខ្លួននរណាម្នាក់នៅក្រោមច្បាប់ «ប្រមាថព្រះមហាក្សត្រ» នោះទេ៕