(ម៉ូស្គូ)៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានអះអាងថាកូនស្រីម្នាក់របស់លោក បានទទួលការចាក់វ៉ាក់សាំង COVID-19 ដែលលោកផ្ទាល់ បានប្រកាសថាជាវ៉ាក់សាំង ត្រូវបានចុះបញ្ជីដំបូងបំផុតនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។
លោក ពូទីន បានប្រកាសនៅថ្ងៃអង្គារនេះថា ក្រសួងសុខាភិបាលរុស្ស៊ី បានធ្វើការអនុម័តជាផ្លូវការហើយ ចំពោះវ៉ាក់សាំង COVID-19 ជាលើកដំបូងនៅលើពិភពលោក ដែល ត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) នៃទីក្រុងម៉ូស្គូ។ លោក ពូទីន បានប្រកាសជោគជ័យខាងលើនេះ កំឡុងកិច្ចប្រជុំមួយនៃរដ្ឋាភិបារបស់លោក និងបន្ទាប់ពីក្រុមអ្នកជំនាញវេជ្ជសាស្ត្ររុស្ស៊ី បានធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សជាលើកដំបូងកាលពីពីរខែមុន។ ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោកប្រធានាធិបតីរុស្ស៊ី បានគូសបញ្ជាក់ដូច្នេះថា៖ «កូនស្រីរបស់ខ្ញុំ ក៏បានចូលរួមក្នុងការធ្វើតេស្ដចាក់វ៉ាក់សាំងនេះដែរ។ ក្រោយចាក់វ៉ាក់សាំងដំបូង គាត់មានសីតុណ្ហភាពក្នុងរាងកាយ ៣៨អង់ស្សាសេ ហើយនៅថ្ងៃបន្ទាប់ គាត់មានសីតុណ្ហភាពខ្ពស់ជាង ៣៧អង្សាសេបន្តិចបន្តួច។ ចំណែកឯ ក្រោយការចាក់វ៉ាក់សាំងលើកទី២ កម្ដៅក្នុងរាងកាយរបស់គាត់ កើនឡើងបន្តិចបន្តួច តែក្រោយមក អ្វីៗទាំងអស់បានប្រសើរឡើង ដោយគាត់មានអារម្មណ៍ល្អ ហើយអង់ទីករ ក៏មានកម្រិតខ្ពស់ផងដែរ»។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានប្រកាសតាំងតែពីខែមុនមកម្ល៉េះថា ខ្លួននឹងប្រកាសជោគជ័យ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 នៅកំលុងថ្ងៃទី១០ ដល់ទី១២ ខែសីហា ហើយវាពិតជាបានកើតឡើងមែន នៅថ្ងៃទី១១ ខែសីហានេះតែម្តង។ ការបោះជំហានដ៏អស្ចារ្យនេះ ពិតជាការត្រួសត្រាយផ្លូវដ៏សំខាន់ សម្រាប់ការចាក់ថ្នាំបង្ការមេរោគ ទ្រង់ទ្រាយធំ បើទោះបីជាការអនុវត្តដំណាក់កាលចុងក្រោយ នៃការសាកល្បងរបស់រុស្ស៊ី ដើម្បីសាកល្បងសុវត្ថិភាព និងប្រសិទ្ធភាពនៅតែបន្តក៏ដោយ។
ការបង្កើនល្បឿនអភិវឌ្ឍវ៉ាក់សាំងរបស់រុស្ស៊ី ត្រូវបានអន្តរជាតិមើលឃើញថា ជាការព្យាយាមយកឈ្នះការប្រណាំងប្រជែងជាលក្ខណៈសកល ចំពោះការអភិវឌ្ឍវ៉ាក់សាំង ដែលគ្រប់ប្រទេសត្រូវការជាទីបំផុត ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះប្រសិទ្ធភាពវ៉ាក់សាំងរុស្ស៊ី និងធ្លាប់ចោទរុស្ស៊ីដែរថា បានព្យាយាមលួចទិន្នន័យផលិតវ៉ាក់សាំងរបស់ពួកគេផងដែរ ទាំងដែលមហាអំណាចទាំងនោះ មិនទាន់អាចផលិតបានជោគជ័យផងនោះ៕