(តូក្យូ)៖ អភិបាលទីក្រុងតូក្យូជាស្ត្រីដំបូងបំផុត គឺលោកស្រី យូរីកុ កូអ៉ីកិ (Yuriko Koike) បានជាប់ឆ្នោតជាថ្មីម្ដងទៀតយ៉ាងងាយស្រួល នៅក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុង កាលពីថ្ងៃទី០៥ ខែកក្កដាកន្លងទៅ បើទោះជាមានការកើនឡើងនៃករណីឆ្លង COVID-19 នៅក្នុងទីក្រុងតូក្យូក៏ដោយ។ ជ័យជម្នះនេះកំពុងបង្ក ឱ្យមានពាក្យចចាមអារ៉ាមជាច្រើនថា លោកស្រីអាចនឹងវិលត្រឡប់ ចូលឆាកនយោបាយវិញ ដើម្បីប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីជប៉ុន។
បច្ចុប្បន្នទីក្រុងតូក្យូមានអ្នកឆ្លង COVID-19 ច្រើនជាង ១០,០០០ករណី។ ប៉ុន្តែទន្ទឹមគ្នា ប្រជាប្រិយភាពរបស់លោកស្រី Koike នៅតែស្ថិតក្នុងកម្រិតមួយដ៏ល្អ ផ្ទុយពីលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រជាប្រិយភាព ដោយសារបញ្ហាសេដ្ឋកិច្ចបង្កឡើងដោយ COVID-19 រួមទាំង រឿងអាស្រូវនយោបាយ។ លោក អាបេ គ្រោងនឹងលាលែងចេញពីតំណែង នៅខែកញ្ញា ឆ្នាំ២០២១ នៅពេលលោកបញ្ចប់អាណត្តិជាមេដឹកនាំគណបក្ស សេរីប្រជាធិបតេយ្យ (LDP) ដែលលោកបានដឹកនាំអស់បីអាណត្តិមកនេះ។
ការកើនឡើងប្រជាប្រិយភាពរបស់លោកស្រី Koike បានផ្ទុះទៅជាពាក្យចចាអារ៉ាមជាច្រើនថា លោកស្រីអាចនឹងវិលត្រឡប់ចូលឆាកនយោបាយវិញ ហើយក៏អាចនឹងមានឱកាសខ្ពស់ផងដែរថា អាចនឹងក្លាយជាស្ត្រីដំបូងបំផុត ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ។ ប្រជាប្រិយភាពរបស់លោកស្រីកើនឡើងយ៉ាងខ្លាំង កំឡុងការឆ្លងរាតត្បាត COVID-19 តាមរយៈការចាត់វិធានការឆ្លើយតប, ការធ្វើសន្និសីទសារព័ត៌មានជាប្រចាំ និងការប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមយ៉ាងទូលំទូលាយ ដែលនេះកំពុងទាក់ទាញការគាំទ្រ និងទំនុកចិត្តពីប្រជាជនជប៉ុន ជាពិសេសអ្នករស់នៅទីក្រុងតូក្យូតែម្ដង។
ក៏ប៉ុន្តែលោកស្រី Koike ធ្លាប់បានបដិសេធជារឿយៗ ទៅនឹងពាក្យចចាមអារ៉ាមបែបនេះ ជាមួយការបញ្ជាក់ថា លោកស្រីមិនមានគម្រោង ត្រឡប់ចូលឆាកនយោបាយវិញឡើយ។ បន្ថែមពីលើនេះ បើតាមអ្នកជំនាញខ្លះដូចជា លោក ក្រេក ម៉ាក (Craig Mark) ជាសាស្ត្រាចារ្យសិក្សាអន្តរជាតិម្នាក់ មកពីសាកលវិទ្យាល័យស្ត្រី ក្យូរីត្សូ (Kyoritsu Women’s University) បើទោះជាមានប្រជាប្រិយភាពក៏ដោយ តែលោកស្រី Koike នៅតែប្រឈមមុខនឹងបញ្ហាធំជាច្រើន។
ដំបូងគឺលោកស្រី Koike ត្រូវតែលាលែងពីតំណែងជាអភិបាលទីក្រុងតូក្យូ និងត្រូវដណ្ដើមយកកៅអីក្នុងសភាជាន់ទាបជប៉ុន (រដ្ឋសភា) នៅក្នុងការបោះឆ្នោតសភា ដែលនឹងចូលមកដល់នៅខែតុលា ឆ្នាំ២០២១ ឱ្យបានជាមុនសិន មុននឹងចង់ប្រឡូកចូលក្នុងការប្រកួតប្រជែង យកតំណែងជានាយករដ្ឋមន្ត្រីជប៉ុន។
គួរជម្រាបថា លោកស្រី Yuriko Koike ដែលធ្លាប់ជាអតីតអ្នកព័ត៌មានតាមទូរទស្សន៍ ធ្លាប់បានជាប់ឆ្នោតជាតំណាងរាស្ត្រដំបូងបំផុត នៅឆ្នាំ១៩៩២។ លោកស្រីបានចូលរួមជាគណបក្ស LDP នៅឆ្នាំ២០០២ និងបានក្លាយជារដ្ឋមន្ត្រីបរិស្ថាននៅឆ្នាំ២០០៣ ព្រមទាំងជាស្ត្រីដំបូង ដែលបានឡើងកាន់តំណែង ជារដ្ឋមន្ត្រីការពារជាតិជប៉ុននៅឆ្នាំ២០០៧។
ក្រោយមកទៀត លោកស្រីបានបរាជ័យក្នុងការចូលរួមប្រកួតប្រជែង យកតំណែងជាមេដឹកគណបក្ស LDP ក្នុងឆ្នាំ២០០៨ ហើយបានលាលែងជាតំណាងរាស្ត្រនៅឆ្នាំ២០១៦ មុននឹងជាប់ឆ្នោតជាអភិបាលក្រុងតូក្យូ ក្នុងឆ្នាំ២០១៦ ដដែល ដោយផ្ដួលបេក្ខជនមកពីគណបក្ស LDP ផ្ទាល់តែម្ដង។ នៅឆ្នាំ២០១៧ លោកស្រី បានបង្កើតគណបក្សថ្មីមួយ គឺគណបក្យនៃក្ដីសង្ឃឹម Party of Hope (PH) និងបានជាប់ឆ្នោតជាថ្មីម្ដងទៀតយ៉ាងងាយស្រួល នៅក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុង កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ៕
ប្រភព៖ CNA (ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០)