(មែលប៊ន)៖ អាជ្ញាធររដ្ឋវិចតូរៀ (Victoria) ដែលមានប្រជាជនរស់នៅច្រើនបំផុតលំដាប់លេខ ២ នៅប្រទេសអូស្ត្រាលី ជាពិសេសគឺទីក្រុងមែលប៊ន នៅទីបំផុតអាចបន្ធូរបន្ថយស្ថានការណ៍តានតឹង ដែលបង្កឡើងដោយការផ្ទុះរលកទី ២ COVID-19 ហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។
ភាពធូរស្រាលបន្តិចខាងលើនេះ បានកើតមានឡើងក្រោយពីរដ្ឋនេះ បានប្រកាសបិទទ្វារ ដើម្បីគ្រប់គ្រង COVID-19 រលកទី២ និងការដាក់ពង្រាយយោធា ឲ្យជួយត្រួតពិនិត្យការអនុវត្តបទបញ្ជានានា ប្រកបដោយប្រសិទ្ធភាព។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធររដ្ឋ Victoria បានកក់ត្រាករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៣១ករណី និងអ្នកស្លាប់ ១៩នាក់បន្ថែមទៀត ខណៈកាលពីថ្ងៃទី០៥ ខែសីហា អត្រាឆ្លងប្រចាំថ្ងៃបានលោតដល់ខ្ពស់បំផុត ៧២៥នាក់។
គួរបញ្ជាក់ថា ទីក្រុងមែលប៊ននៃរដ្ឋ Victoria ត្រូវបានបង្ខំឲ្យបិទទ្វារជាថ្មី កាលពីថ្ងៃទី១៩ ខែកក្កដា បន្ទាប់ពីកើតមានករណីឆ្លង COVID-19 កើនឡើងវិញដ៏គួរឲ្យព្រួយបារម្ភបំផុត។ សម្រាប់ប្រទេសអូស្ត្រាលីទាំងមូល គិតត្រឹមព្រឹកថ្ងៃអង្គារនេះមានករណីឆ្លងសរុបជិត ២២,០០០ករណី ក្នុងនោះស្លាប់ ៣៣២នាក់ និងជាសះស្បើយវិញជាង ១២,០០០នាក់៕