(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យោងតាមទិន្នន័យថ្មីចេញផ្សាយដោយ ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនឡើងដល់ ២,២១៥,០៧៤ករណីហើយ ក្នុងអ្នកស្លាប់សរុបមានចំនួន ៤៤,៣៨៦នាក់។
២៖ មហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុងហុងកុង លោក ជីមមី ឡៃ (Jimmy Lai) ដែលជាមនុស្សម្នាក់តែងតែរិះគន់រដ្ឋាភិបាលទីក្រុងប៉េកាំង ឥតសំចៃមាត់ ត្រូវបានអាជ្ញាធរចាប់ខ្លួនហើយនៅថ្ងៃចន្ទនេះ ក្រោមច្បាប់សន្តិសុខជាតិថ្មី ពីបទគប់គិតជាមួយបរទេស។
៣៖ ទីប្រឹក្សាសនិ្តសុខជាតិអាមេរិក លោក រ៉ូបឺត អូប្រៀន (Robert O'Brien) បាននិយាយថា ក្រុម Hackers ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង បាន និងកំពុងព្យាយាមវាយប្រហារព័ត៌មានវិទ្យា លើហេដ្ឋារចនាសម្ព័ន្ធបោះឆ្នោតអាមេរិក មុននឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ ចូលមកដល់។
៤៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថាអ្នកជំងឺ COVID-19 ជាស្ត្រីពីរនាក់ដែលមានជំងឺប្រចាំកាយស្រាប់ បានបាត់បង់ជីវិត ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់១៣នាក់។
៥៖ ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់បានឱ្យដឹងថា យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្វែល និងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលខ្លី មុននឹងត្រូវបាន កងទ័ពអាកាសតៃវ៉ាន់ បណ្ដេញចេញពីដែនអាកាសរបស់ខ្លួន។
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនយន្តហោះដឹកជំនួយបន្ថែមទៀត ទៅកាន់ប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងក្លា ក្នុងរដ្ឋធានីបេរូត ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់៕