(រីយ៉ូ)៖ នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់ថ្មីៗ ៥៧២នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១០១,០៤៨នាក់ ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសធំជាងគេប្រចាំតំបន់អាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗ ២៣,០១០ករណីបន្ថែម ដែលធ្វើឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនលើស ៣លានករណី ខណៈដែលមនុស្សច្រើនជាង ២.១លាននាក់បានជាសះស្បើយ។
សៅប៉ូឡូ (Sao Paulo) ជារដ្ឋដែលមានចំនួនប្រជាជានប្រហែលជា ៤៥លាននាក់ ច្រើនជាងគេនៅប្រេស៊ីល ក៏រដ្ឋដែលបាននិងកំពុងរងផលប៉ះពាល់ដោយករណីឆ្លងខ្ពស់បំផុតសរុបជាង ៦២៧,០០០ករណីផងដែរ ក្នុងនោះមនុស្សជាង ២៥,១០០នាក់បានស្លាប់។ ចំណែកឯទីក្រុងរីយ៉ូដឺហ្សេណេរ៉ូ (Rio de Janeiro) មានករណីឆ្លងសរុបចំនួនជាង ១៧៨,៨០០ករណីក្នុងនោះជាង ១៤,០០០នាក់បានស្លាប់ និងទីក្រុងសៀរ៉ា (Ceara) មានករណីឆ្លងសរុបចំនួនជាង ១៨៨,៥០០ករណីក្នុងនោះជិត ៨,០០០នាក់បានស្លាប់។
គួរបញ្ជាក់ថា ទោះបីជាមានការថយចុះនៃចំនួនករណីឆ្លង និងស្លាប់នៅ តំបន់ភាគខាងជើង និងភាគឦសាននៃប្រទេសក៏ដោយ ការឆ្លងនៅតាមតំបន់ផេ្សងៗទៀត នៅតែមានកម្រិតខ្ពស់ដ៏ដែល។ ក្រុមអ្នកជំនាញបានសម្តែងក្តីព្រួយបារម្ភ ពីស្ថានភាពនៃជំងឺ COVID-19 នៅប្រទេសប្រេស៊ីលនាពេលបច្ចុប្បន្ននេះ។ ទន្ទឹងនឹងនេះដែរ ពួកគេបានទទូចឲ្យប្រជាជនបន្តអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសនេះ៕