(ប៉េកាំង)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានព្រមានថាការកើនឡើងនៃអំណាចយោធាចិន អាចនឹងជំរុញឱ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាំគ្នាអភិវឌ្ឍអាវុធវៃឆ្លាត ក្នុងនោះរួមមានទាំងយន្ដហោះដ្រូន និងមីស៊ីល ដែលប្រការនេះអាចនឹងធ្វើឱ្យការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ផ្ទុះឡើងដោយជៀសមិនរួច។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍សិក្សារបស់ខ្លួនចេញផ្សាយនៅក្នុងសប្ដាហ៍នេះ វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ (Institute of Strategic Studies) បានគូសបញ្ជាក់ដូច្នេះថា៖ «ខណៈការរត់ប្រណាំងសព្វាវុធទំនើបៗ ជាធម្មតាគឺជាមូលហេតុដ៏ចម្បងនៃការព្រួយបារម្ភខ្លាចក្រែងជម្លោះផ្ទុះឡើង យន្ដហោះដ្រូន និងមីស៊ីលទំនើប អាចនឹងត្រូវបានប្រទេសតូចៗ ប្រើប្រាស់ជាអាវុធ ដើម្បីទប់ទល់នឹងការឈ្លានពានណាមួយពីសំណាក់ប្រទេសធំៗ»។
ក៏ប៉ុន្តែព្រមពេលជាមួយគ្នា វិទ្យាសា្ថនក៏បានព្រមានដែរថា ការរត់ប្រណាំង ឬការរីកសាយសព្វាវុធទំនើបៗ អាចនឹងបង្កើនការហានិភ័យ និងគ្រោះថ្នាក់ បើសិនជាអាវុធ ទាំងនេះធ្លាក់ចូលក្នុងដៃក្រុមភេរវករ ឬក៏ក្រុមជ្រុលនិយមណាមួយ។
គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ កិច្ចព្រមព្រៀងអន្តរជាតិ ដូចជាកិច្ចព្រមព្រៀងគ្រប់គ្រងបច្ចេកវិទ្យាមីស៊ីល (MTCR) បានដាក់កំហិតលើការអភិវឌ្ឍ មីស៊ីលបាលីស្ទីគ នៅក្នុងតំបន់។ ប៉ុន្តែ ក្រុមប្រទេសជឿនលឿន ដែលខ្លះមិនមែនជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ អាចនឹងនាំគ្នាអភិវឌ្ឍបច្ចេកវិទ្យាអាវុធ ឬមីស៊ីលឲ្យកាន់តែទំនើប។ ជាក់ស្ដែង កោះតៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុនជាដើម សុទ្ធតែកំពុងនាំគ្នាផលិត និងអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ពួកគេរៀងៗខ្លួន៕