(ប៉េកាំង)៖ ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមចិន TikTok គ្រោងនឹងដាក់ពាក្យប្ដឹងរដ្ឋាភិបាលអាមេរិក នៅសប្ដាហ៍ក្រោយនេះ ដើម្បីប្រឆាំងជំទាស់នឹងបទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានបំណងបិទមិនឱ្យ TikTok ធ្វើប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០។
សារព័ត៌មាន CGTN ដោយផ្អែកលើប្រភពក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលដឹងពីការសម្រេចចិត្តខាងលើ បានបញ្ជាក់ទៀតថា TikTok នឹងដាក់ពាក្យប្ដឹង នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះ ទៅកាន់តុលាការក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នៅក្នុងពាក្យប្ដឹងនេះទៀតសោត ក៏បានអះអាងផងដែថាសកម្មភាពរបស់លោក ដូណាល់ ត្រាំ លើ TikTok ជាទង្វើផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញអាមេរិក ពីព្រោះលោកមិនបានទុកឱកាស ឬពេលវេលាឱ្យក្រុមហ៊ុនធ្វើការបកស្រាយ ខណៈការចោទប្រកាន់ ថាបណ្ដាញទំនាក់ទំនងសង្គមចិនមួយនេះជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។
គួរជម្រាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយបង្គាប់ឱ្យក្រុមហ៊ុនអាមេរិកបញ្ឈប់ការធ្វើ ប្រតិបត្តិការ ឬចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ByteDance ដោយទុកពេល៤៥ថ្ងៃ ឱ្យក្រុមហ៊ុនចិនមួយនេះលក់បណ្ដាញទំនាក់ទំនងសង្គម TikTok របស់ខ្លួន ឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានចាត់វិធានការស្រដៀងគ្នា នេះដើម្បីហាមឃាត់កម្មវិធី WeChat ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent) ផងដែរ៕