(បាងកក)៖ ក្រុមបាតុកររាប់សិបនាក់បានប្រមូលផ្តុំគ្នា នៅមុខតុលាការក្រុងបាងកកប្រទេសថៃនាថ្ងៃសៅរ៍នេះ ដើម្បីទាមទារឲ្យមានការដោះលែងមេដឹកនាំសកម្មជនពីររូប ហើយបានប្តេជ្ញាថា នឹងបន្តធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលឲ្យកាន់តែផុសផុលថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។
សកម្មជនពីររូប ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ មាននិស្សិតឈ្មោះ ផានុពង្ស ចាសណុក (Panupong Jasnok) អាយុ២៣ឆ្នាំ និងមេធាវីការពារសិទ្ធិមនុស្សឈ្មោះ អាណុន ណាំផា (Anon Nampa) អាយុ៣៥ឆ្នាំ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ នាពេលកន្លងទៅនេះ។ មេដឹកនាំក្រុមនិស្សិតលោក ផារីត ឈីវ៉ារ៉ាក់ (Parit Cheewarak) បាននិយាយនៅចំពោះមុខក្រុមបាតុករពី ៦០ទៅ១០០នាក់ នៅឯមុខតុលាការព្រហ្មទណ្ឌក្រុងបាងកកដូច្នេះថា «តើតុលាការបម្រើអ្នកណានៅក្នុងប្រទេសនេះ?» និងបានស្រែករិះគន់ នៅមុខក្រុមមន្ត្រីប៉ូលិសផងដែរថា «ទោះបីជាមន្ត្រីមានឋានៈខ្ពស់យ៉ាងណាក៏ដោយ ប្រាក់ខែរបស់អ្នកគឺបានពីអ្នកបង់ពន្ធតែប៉ុណ្ណោះ»។
មួយរយៈចុងក្រោយនេះ ក្រុមបាតុករបាននាំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃឡើងវិញ ដោយបានទាមទារឲ្យរំលាយរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចដំបូង តាមរយៈរដ្ឋប្រហារយោធាឆ្នាំ២០១៤។ មួយវិញទៀត ក្រុមសកម្មជនបានអះអាងថា ការបោះឆ្នោតសកលឆ្នាំ២០១៩ ដែលជាលើកដំបូងក្រោយរដ្ឋប្រហារ មិនមានភាពសុក្រឹត្យឡើយ ពោលគឺវាត្រូវបានលោក ប្រាយុទ្ធ រៀបចំរួចស្រេចដើម្បីធានាថា លោកនឹងនៅតែបន្តកាន់អំណាច។
គួរញ្ជាក់ថា ពាក់ព័ន្ធនឹងករណីចាប់ខ្លួនលោក Anon និង Panupong តុលាការថៃបានសម្រេចចោទប្រកាន់អ្នកទាំងពីរ ពីបទញុះញង់និងរំលោភច្បាប់ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន សំដៅដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19៕