(ហ្សាការតា)៖ ទីភ្នាក់ងារតាមដានភ្នំភ្លើងឥណ្ឌូណេស៊ី នៅថ្ងៃសោរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានក្រើនរំលឹកដល់យន្តហោះនានាឲ្យប្រុងប្រយ័ត្ន ដោយសារតែភ្នំភ្លើង ស៊ីណាប៊ុង (Sinabung) នៅខេត្តស៊ូម៉ាត្រាខាងជើង (North Sumatra) នៃប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ភ្នំភ្លើង Sinabung មានកម្ពស់ ២,៤៧៥ម៉ែត្រ ស្ថិតនៅក្នុងស្រុកការ៉ូ (Karo) នៃខេត្តខាងលើនេះបានផ្ទុះឡើង និងជះផេះទៅលើមេឃកម្ពស់រហូតដល់ទៅ ២គីឡូម៉ែត្រ។ កាលពីថ្ងៃសុក្រម្សិលមិញ អាជ្ញាធរបានចេញបំរាមមួយ ដោយហាមឃាត់មិនឲ្យមានការហោះហើរឆ្លងកាត់ភ្នំភ្លើងនោះឡើយ ដើម្បីចៀសវាងគ្រោះថ្នាក់ ដោយសារភ្នំភ្លើងនេះនៅតែបន្តតែបញ្ចេញកម្អែរផេះ និងបាញ់ចំហាយក្តៅទៅលើអាកាស។
គួរបញ្ជាក់ថា ភ្លៀងផេះភ្នំភ្លើងនេះកំពុងគំរាមកំហែង លើតំបន់ស្ថិតនៅតាមជម្រាលភ្នំភ្លើង ដោយសារតែផេះបានសាយភាយទៅតាមតំបន់ជុំវិញនោះ។ បច្ចុប្បន្ននេះអាជ្ញាធរឥណ្ឌូណេស៊ី បានចេញការប្រកាសអាសន្នកម្រិត ២ ដែលវាគឺជាកម្រិតមិនទាន់អាក្រក់ខ្លាំងនៅឡើយទេ៕