(អូតាវ៉ា)៖ ឧបនាយករដ្ឋមន្ត្រីកាណាដាលោកស្រី គ្រីស្ទា ហ្វ្រីលែនដ៍ (Chrystia Freeland) បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសកាណាដានឹងដំឡើងពន្ធ ៣.៦ពាន់លានដុល្លារកាណាដា (២.៧ពាន់លានដុល្លារអាមេរិក) លើផលិតផលរបស់សហរដ្ឋអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអំពីការសម្រេចចិត្តថា នឹងដំឡើងពន្ធ ១០%ជាថ្មីម្ដងទៀត លើការនាំចូលអាលុយមីញ៉ូម ពីប្រទេសសម្ព័ន្ធមិត្តជិតខាងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។
លោកស្រី Freeland បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការដំឡើងពន្ធនេះ នឹងចូលជាធរមានក្នុងរយៈពេល ៣០ថ្ងៃទៀត បន្ទាប់ពីរដ្ឋាភិបាលកាណាដា ធ្វើការពិចារណាថា តើផលិតផលអាមេរិកណាខ្លះដែលត្រូវក្លាយជាគោលដៅ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅរោងចក្រមួយនៃរដ្ឋអូហៃយ៉ូ (Ohio) ថា ការដំឡើងពន្ធ ១០% ទៅលើផលិតផលអាលុយមីញ៉ូម នាំចូលពីប្រទេសកាណាដា នឹងចូលជាធរមាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដោយលើកហេតុផលថាជា «កង្វល់សន្តិសុខជាតិ»។
លោកស្រី Freeland បាននិយាយថា ការលើកឡើងរបស់លោកត្រាំ «វាជារឿងដ៏គួរឲ្យអស់សំណើច»។ ឧបនាយករដ្ឋមន្ត្រីកាណាដារូបនេះ បានសង្កត់ធ្ងន់ទៀតថា ជម្លោះពាណិជ្ជកម្មថ្មីនេះនឹងធ្វើឲ្យប៉ះពាល់ ដល់ ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសទាំងពីរ ដែលកំពុងប្រឈមនឹងវិបត្តិ COVID-19 ដូចគ្នាតែប៉ុណ្ណោះ។ លោកស្រី Freeland ក៏បានគត់សំគាល់ដែលថា រដ្ឋាភិបាលលោក ត្រាំ គឺជា «រដ្ឋបាលគាំពារនិយមបំផុត នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក»។
គួរបញ្ជាក់តាមនាយករដ្ឋមន្រី្តកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីឆ្លើយតបនឹងការយកពន្ធរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសនៅថ្ងៃនេះ ប្រទេសកាណាដានឹងដាក់ចេញនូវវិធានការតបតវិញ ដោយការយកពន្ធលើការនាំចូលទំនិញ របស់សហរដ្ឋអាមេរិកដូចគ្នា»។ លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា «យើងនឹងតតាំងជានិច្ច ដើម្បីកម្មករអាលុយមីញ៉ូមរបស់យើង។ យើងបានធ្វើដូច្នេះម្តងហើយកាលពីឆ្នាំ ២០១៨ ហើយយើងនឹងក្រោកឈរឡើង សម្រាប់ពួកគេម្ដងទៀត»។
គួរបញ្ជាក់ថា លោកត្រាំ ធ្លាប់បានដំឡើងពន្ធ ១០%លើអាលុយមីញ៉ូមកាណាដា កាលពីខែមីនាឆ្នាំ ២០១៨ ម្តងរួចទៅហើយ ខណៈដែលប្រទេសកាណាដា បានសងសឹកវិញជាមួយនឹងការដំឡើងពន្ធរាប់ពាន់លានដុល្លារលើ ផលិតផលអាមេរិក។ ក្រោយមកសហរដ្ឋអាមេរិក បានលុបចោលវិញ និងយប់ព្រមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើងសាជាថ្មី៕