(ឡាហ្គូស)៖ ប៉ូលិសក្នុងតំបន់បាននិយាយនៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មានមនុស្ស២១នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារមួយដែលធ្វើឡើងដោយខ្មាន់កំភ្លើងមួយក្រុម នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា (Nigeria) កាលពីចន្លោះយប់ថ្ងៃពុធនិងព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារពត៌មានចិន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។
អ្នកនាំពាក្យស្ថាប័នប៉ូលិសនៅនីហ្សេរីយ៉ា លោក Mohammed Jalige បានបញ្ជាក់ថា មានការវាយប្រហារលើភូមិមួយចំនួននៅជុំវិញតំបន់ Zango-Kataf នៃរដ្ឋ Kaduna ដែលបានកើតឡើងកាលពីយប់ថ្ងៃពុធ និងធ្វើឲ្យមនុស្សប្រហែល២១នាក់ស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។ លោក Jalige បានបន្តថា កម្លាំងប៉ូលិសនិងសន្តិសុខជាច្រើននាក់ ត្រូវបានគេពង្រាយដើម្បីទប់ស្កាត់កុំឲ្យមានការវាយប្រហារបន្ថែមទៀត នៅតំបន់កើតហេតុ។
ដោយឡែក ក្រុមការពារសិទ្ធិមនុស្សមួយនៅនីហ្សេរីយ៉ា បានអះអាងក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា មនុស្សសរុប៣៣នាក់ ត្រូវបានសម្លាប់នៅភូមិចំនួន៥ ក្នុងតំបន់ Zango-Kataf នៃរដ្ឋ Kaduna ហើយសង្ស័យថាជាស្នាដៃរបស់កងជីវពល Fulani។
មានការបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងថា ការវាយប្រហារហាក់នៅតែបន្តកើតមានជាប្រចាំនៅតំបន់ខាងលើ បើទោះបីជាមានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ ដើម្បីបញ្ចប់អំពើហិង្សាក៏ដោយ។ ការវាយប្រហារតាមភូមិទាំងនេះ ត្រូវគេយល់ឃើញថា បានបង្ហាញពីការប៉ុនប៉ងដ៏សាហាវរបស់ឧក្រិដ្ឋជន មិនត្រឹមតែសំដៅបង្កឲ្យមានការឈឺចាប់ និងសោកសៅដល់ជនស្លូតត្រង់ប៉ុណ្ណោះទេ ថែមទាំងសំដៅបង្កការរាំងស្ទះដល់កិច្ចខិតខំរបស់រដ្ឋាភិបាល ដែលព្យាយាមជម្រុញឲ្យសនិ្តភាពនិងភាពសុខដុមទៀតផង។
គួរបញ្ជាក់ តំបន់ភាគខាងជើងប្រទេសនីហ្សេរីយ៉ា បានរងការវាយប្រហារដោយក្រុមខ្មាន់កំភ្លើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែនេះ ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ មិនថាកងទ័ពឬជនស៉ីវិលនោះទេ ស្របកងកម្លាំងសនិ្តសុខនីហ្សេរីយ៉ាបាននិងកំពុងបន្តបើកប្រតិបត្តិការនៅតំបន់ភាគខាងជើងនេះ ដើម្បីបោសសម្អាតក្រុមប្រដាប់អាវុធខុសច្បាប់ឲ្យអស់ពីប្រទេស៕