(បេរូត)៖ រដ្ឋាភិបាលលីបង់ កំពុងប្រឈមមុខនឹងកំហឹង ក៏ដូចជាបាតុកម្មតវ៉ាពីសំណាក់ប្រជាជនលីបង់ បន្ទាប់ពីហេតុការណ៍ផ្ទុះដ៏កក្រើក មួយកាលពីថ្ងៃអង្គារកន្លងទៅ បាន បង្កការខូតខាតយ៉ាងដំណំ នៅផ្នៃកខ្លះនៃរដ្ឋធានីបេរូត ស្របពេលវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះមានសភាពកាន់តែធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។
បាតុកម្មតវ៉ា ដែលបានផ្ទុះឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាវាចំនួនអ្នកចូលរួមតិចតួច ប៉ុន្តែអំពើហិង្សាបានផ្ទុះឡើងគួរឱ្យព្រួយបារម្ភ ដោយក្រុមបាតុករខ្លះបានសម្រុក ចូលក្នុងអគារសភា ស្ថិតនៅកណ្ដាលរដ្ឋធានីបេរូត។ ប៉ូលិសបង្រ្កាបកុបកម្ម ក៏ត្រូវបានដាក់ពង្រាយផងដែរ បន្ទាប់ពីក្រុមបាតុករមួយចំនួន ដុតបំផ្លាញ និងគប់ដុំថ្មលើអាជ្ញាធរដែល បានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើកម្លាំងបាយបំបែកហ្វូងបាតុករ។ តែទន្ទឹមគ្នា មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬត្រូវបានចាប់ខ្លួននៅឡើយទេ។
កាលពីថ្ងៃពុធសប្តាហ៍នេះ អភិបាលក្រុងបេរូត លោក Marwan Abboud បានប៉ាន់ប្រមាណថា ការផ្ទុះនេះបានធ្វើឲ្យលីបង់ខាតបង់ប្រាក់ពី ៣ទៅ ៥ពាន់លានដុល្លារ ចំពេលដែល ប្រទេសទាំងមូលកំពុងតែស្ថិតក្នុងវិបត្តិនយោបាយផង និងវិបត្តិសេដ្ឋកិច្ចផងដែលបង្កឡើង COVID-19។ បច្ចុប្បន្ននេះ ប្រទេសលីបង់ កំពុងជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលបានអូសបន្លាលជាច្រើនខែមកហើយ។ ចំណែកឯ សហព័ន្ធការងារលីបង់ ក៏បានវាយតម្លៃដែរថាប្រជាជនលីបង់ចំនួន ១៥០,០០០ នាក់បានបាត់បង់ការងារក្នុង ឆ្នាំ២០២០នេះ ចំពេលសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះយ៉ាងគំហុក ស្របពេលអន្តរជាតិអំពាវនាវឱ្យរដ្ឋាភិបាលលីបង់ធ្វើកំណែទម្រង់ជាបន្ទាន់។
គួរជម្រាបថា អាជ្ញាធរលីបង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ បានឃាត់ខ្លួនមនុស្ស១៦នាក់នៅក្នុងការស៊ើបអង្កេត ពាក់ព័ន្ធការផ្ទុះឃ្លាំងស្ដុកគីមីដ៏ប្រល័យនៅឯកំពង់ផែមួយកន្លែង ក្នុងរដ្ឋធានីបេរូត (Beirut) ហើយនៅក្នុងចំណោមអ្នកទាំងនេះ ក៏មានអ្នកចាត់ការទូទៅកំពង់ផែម្នាក់ផងដែរ។ ឧបទ្ទវហេតុផ្ទុះកាលពីថ្ងៃអង្គារ ត្រូវបានរដ្ឋាភិបាលលីបង់ប្រកាសថា បង្កឡើងដោយការឆេះ និងផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammonium nitrate) រហូតដល់ទៅ ២,៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយនៃតំបន់កំពង់ផែ រដ្ឋធានីបេរូត អស់រយៈពេល ០៦ឆ្នាំមកហើយ។ មកទល់នឹងពេលនេះ មនុស្សយ៉ាងហោច ១៤៥នាក់បានស្លាប់ និង៥,០០០នាក់រងរបួស ខណៈមនុស្សជាង ៣០០,០០០នាក់គ្មានផ្ទះសម្បែងស្នាក់នៅ៕