(វ៉ាស៊ីនតោន)៖ អតីតមន្ត្រីចារកម្មជាន់ខ្ពស់អារ៉ាប៊ីសាអូឌីត លោក សាអាត អាល់ចាព្រី (Saad al-Jabri) បានដាក់ពាក្យប្ដឹងមួយទៅកាន់តុលាការអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយចោទប្រកាន់ថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ា (Mohammed bin Salman) បានបញ្ជូនក្រុមឃាតកតាមសម្លាប់រូបលោក ដល់ប្រទេស កាណាដា កាលពីខែតុលា ឆ្នាំ២០១៨ តែត្រូវបានអាជ្ញាធរកាណាដាជួយរូបលោកទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។
នៅក្នុងពាក្យបណ្ដឹងមានកម្រាស់ជាង១០៦ទំព័រដាក់ជូនតុលាការ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី លោក Saad al-Jabri បានអះអាងទៀតថា ក្រុមឃាតកដែលតាមសម្លាប់រូបលោក មាន រហ័ស្សនាមថា «ខ្លាកំណាច» ឬ «Tiger Squad» ហើយទំនាក់ទំនងជិតស្និទរបស់លោកជាមួយទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក និងដឹងពីសកម្មភាពជាច្រើនរបស់ព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន គឺជាហេតុផលមួយដែលលោកត្រូវគេតាមសម្លាប់។
អតីតមន្ត្រីចារកម្មជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតរូបនេះ បន្ថែមថា រូបលោកត្រូវក្រុមខ្លាកំណាចតាមសម្លាប់ ១៣ថ្ងៃបន្ទាប់ពីអតីតអ្នកកាសែត លោក Jamal Khashoggi ត្រូវបានគេសម្លាប់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី។ ក៏ប៉ុន្តែ ខាងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងស្ថានទូតរបស់ខ្លួនប្រចាំ ប្រទេសកាណាដា មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេទៅនឹងពាក្យបណ្ដឹង និងការចោទប្រកាន់របស់លោក Saad al-Jabri។
លោក al-Jabri ដែលបច្ចុប្បន្នកំពុងរស់នៅជ្រកកោនក្នុងប្រទេសកាណាដា គឺជាអតីតមនុស្សជំនិតម្នាក់នៃអតីតរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់មហាំម៉ាត់ ប៊ិនណាយែហ្វ (Mohammed bin Nayef) ដែលត្រូវបានព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន ឡើងកាន់តំណែងជំនួសជារាជទាយាទកាលពីឆ្នាំ២០១៧៕