(ហុងកុង)៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានថ្លែងនៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០ នេះថា ប្រជាជនទាំងអស់ដែលរស់នៅទីក្រុងនេះ នឹងទទួលបានការធ្វើតេស្តរកវីរុសកូរ៉ូណា (COVID-19) ដោយឥតគិតថ្លៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
មេដឹកនាំទីក្រុងស្វយ័តចិនខាងលើនេះបានបញ្ជាក់ថា វានឹងក្លាយជាលើកដំបូងសម្រាប់ទីក្រុងនេះក្នុងការធ្វើតេស្តគ្រប់ជ្រុងជ្រោយ ហើយវានឹងត្រូវអនុវត្តយ៉ាងឆាប់បំផុត នៅក្នុងរយៈពេល ០២សប្តាហ៍។ ការសម្រេចចិត្តបែបនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីជំនាញផ្នែកសុខាភិបាលរបស់ចិន ត្រូវបានបញ្ជូនមកកាន់ទីក្រុងនេះ ដោយស្ថិតក្នុងគោលដៅបង្កើនការធ្វើតេស្តរក COVID-19 ហើយវាក៏ជាលើកដំបូងផងដែរសម្រាប់ចិន ដែលចូលមកជួយហុងកុងក្នុងការទប់ទល់វីរុសឆ្លងបែបនេះ។
គួរបញ្ជាក់ថា ទីក្រុងហុងកុងនៅតែកំពុងប្រឈមមុខបញ្ហាធ្ងន់ធ្ងរ ទៅលើករណីឆ្លង COVID-19 ដែលបាននិងកំពុងកើនឡើងជាប្រចាំថ្ងៃ ហើយគិតត្រឹមថ្ងៃសុក្រនេះ ហុងកុងមានករណីឆ្លងសរុប ៣,៨៥០ករណី ក្នុងនោះស្លាប់ ៤៦នាក់ និងជាសះស្បើយវិញ ២,៤៥៨នាក់៕