(ប៉េកាំង)៖ បុរសជនជាតិចិនម្នាក់ដែលត្រូវបានផ្ដន្ទាទោស ពីបទសម្លាប់ក្មេងប្រុសពីរនាក់ និងបានជាប់ពន្ធនាគារអស់រយៈពេល ២៦ឆ្នាំមកនេះ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ ក្រោយតុលាការរកឃើញថា រូបគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន Global Times នៅរសៀលថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។
លោក ចាង យូហ័ន (Zhang Yuhuan) មានអាយុ ៥៣ឆ្នាំ ត្រូវបានដោះលែងនៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីតុលាការកំពូលក្នុងខេត្ត ជាំងស៊ី (Jiangxi) នៃភាគខាងកើតប្រទេសចិនបានរកឃើញថា រូបលោកមិនមែនជាឃាតកដោយសំអាងថា គ្មានភស្ដុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។ ប៉ុន្តែរយៈពេល ៩,៧៧៨ថ្ងៃមកហើយ ដែលលោក Zhang បានជាប់ឃុំក្នុងពន្ធនាគារទាំងខ្លួន គ្មានកំហុសសោះ គិតចាប់តាំងពីខែតុលា ឆ្នាំ១៩៩៣ មកទល់នឹងពេលនេះ ហើយវាក៏បានធ្វើលោកក្លាយជា «ជនគ្មានកំហុស» ដែលជាប់ឃុំក្នុងពន្ធនាគារយូរបំផុត នៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើបនេះផងដែរ។
គួររំលឹកថា កាលពីខែតុលា ឆ្នាំ១៩៩៣ ក្មេងប្រុស ០២នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន និងក្រោយមកត្រូវបានគេរកឃើញសាកសព នៅក្នុងទីក្រុង ណានឆាង (Nanchang) នៃខេត្ត Jiangxi។ នៅពេលនោះដែរ ប៉ូលិសបានសង្ស័យលើលោក Zhang ដែលជាអ្នកជិតខាងថា ជាឃាតកសម្លាប់ក្មេងប្រុសទាំង ០២នាក់នេះ ហើយនៅឆ្នាំ១៩៩៥ លោក Zhang ត្រូវបានផ្តន្ទទោសប្រហារជីវិត ជាមួយការអនុវត្តការព្យួរទោសរយៈពេល ០២ឆ្នាំ។
លោក Zhang បានប្ដឹងឧទ្ធរណ៍ឡើងតុលាការជាន់ខ្ពស់ ដោយអះអាងថា រូបលោកមិនមែនជាឃាតក ហើយប៉ូលិសបានធ្វើទារុណកម្មលើរូបលោក កំឡុងសួរចម្លើយដើម្បីបង្ខំឱ្យ លោកឆ្លើយសារភាព។ តុលាការជាន់ខ្ពស់បានបង្គាប់ឱ្យបើកសវនាការជាថ្មី តែសវនាការនេះមិនបានកើតឡើងឡើយ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០០១ ខណៈសាលក្រមកាត់ទោសរូបលោក នៅតែរក្សាទុកជាបានការដដែល។
តែទោះជាយ៉ាងនេះក្ដី លោក Zhang និងក្រុមគ្រួសារ នៅតែបន្តប្ដឹងឡើងតុលាការកំពូលនៃខេត្ត Jiangxi កាលពីខែមីនា ឆ្នាំ២០១៩ ហើយរហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ ទើបរូបលោកត្រូវបានដោះលែងឱ្យមានសេរីភាព ក្រោយរកឃើញថា មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ បច្ចុប្បន្នលោក Zhang មានសិទ្ធិប្ដឹងទាមទារសំណងពីរដ្ឋ៕