(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅជុំវិញពិភពលោក អាចនឹងកើតឡើងលឿន ប្រសិនបើវ៉ាក់សាំង COVID-19 ត្រូវបានផ្ដល់ជូនជាសាធារណៈ។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។
ការអះអាងខាងលើរបស់លោក Tedros ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា តាមប្រព័ន្ធអនឡាញជាមួយសមាជិក នៃវេទិកាសន្តិសុខ អាស្ពែន (Aspen) នៅសហរដ្ឋអាមេរិក ដែលរៀបចំដោយបណ្ដាញសារព័ត៌មាន NBC។ នាឱកាសនោះ ប្រមុខ WHO រូបនេះបានលើកឡើងយ៉ាងដូចច្នេះថា «ការចែករំលែកវ៉ាក់សាំង និងឧបករណ៍ផ្សេងទៀត ពិតជាជួយឲ្យពិភពលោក មានភាពប្រសើរវិញបាន។ ការងើបឡើងវិញនៃសេដ្ឋកិច្ច អាចនឹងមានភាពលឿនជាងមុន ហើយការខូចខាតដោយសារ COVID-19 អាចនឹងថយចុះជាងនេះ ប្រសិនបើយើងចេះសាមគ្គី និងចែករំលែកគ្នា»។
ជាមួយគ្នានេះ លោក Tedros បានសង្កត់ធ្ងន់ទៀតថា «ការចាក់ថ្នាំបង្ការបែបជាតិនិយម គឺពិតជាទង្វើមិនល្អនោះទេ និងមិនបានជួយយើងឲ្យប្រសើរឡើយ»។ ប្រធាន WHO បានលើកឡើងបែបនេះ គឺសំដៅទៅប្រទេស និងអ្នកស្រាវជ្រាវឱសថមួយចំនួន ដែលមានការប្រជែងគ្នា ដើម្បីបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងបញ្ជាទិញឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ទុកសម្រាប់តែប្រទេសខ្លួនឯងនោះ។
មិនតែប៉ុណ្ណោះ ប្រមុខអង្គការសុខភាពពិភពលោករូបនេះ បានសង្កត់ធ្ងន់ថា «ខណៈការផលិតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) កំពុងមានការប្រណាំងប្រជែងថ្នាក់អន្តរជាតិ ដែលមិនធ្លាប់មានពីមុនមកនោះ យើងគួរតែចាប់យកឱកាសនេះ ដើម្បីរួបរួមគ្នាជាធ្លុងមួយ និងបង្កើនសាមគ្គីភាពជាសកល ក្នុងការគ្រប់គ្រងជំងឺ COVID-19 ហើយគ្មានប្រទេសណាមួយ អាចមានសុវត្ថិភាពពេលលេញទេ ដរាបណាយើងទាំងអស់គ្នា មិនទាន់មានសុវត្ថិភាព»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះពិភពលោកទាំងមូល បានកត់ត្រាចំនួនអ្នកឆ្លងសរុបនៃ COVID-19 លើស ១៩លាននាក់ហើយ ក្នុងនោះអ្នកជម្ងឺច្រើនជាង ៧១ម៉ឺននាក់បានស្លាប់ និងជាង ១២លាននាក់ទៀតបានជាសះស្បើយ៕