(សៀងហៃ)៖ កាសែតរដ្ឋចិន Global Times បានចេញផ្សាយបទអត្ថាធិប្បាយមួយ ដោយបានចាត់ទុកផែនការហាមឃាត់ ក្រុមហ៊ុនបច្ចេកវិទ្យា និងបណ្តាញសង្គមមានប្រភពពីចិន នៅលើទឹកដីសហរដ្ឋអាមេរិកនោះ គឺជាសញ្ញានៃភាព «ឆ្កួតលីលា»។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។
នៅក្នុងអត្ថបទខាងលើនេះ បានសង្កត់ធ្ងន់លើចំណុចមួយថា «រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងសុន្ទរកថាប្រឆាំងចិន ស្ទើរតែរាល់ថ្ងៃ ហើយក៏តែងតែរំលេចឡើងនូវល្បិចកលនានា ដើម្បីដុតជម្លោះរវាងចិន និងអាមេរិក ក៏ដូចជាបង្ហាញនូវជំហរដ៏តឹងរ៉ឹងរបស់ រដ្ឋបាលលោក ត្រាំ ចំពោះប្រទេសចិន»។
ការចុះផ្សាយរបស់កាសែតចិន Global Times ខាងលើនេះ បានកើតមានឡើងបន្ទាប់ពី សហរដ្ឋអាមេរិកត្រៀមរៀបចំយុទ្ធនាការ «សម្អាតបណ្តាញ ឬ Clean Network» ដោយមានគោលដៅបោសសម្អាត ក្រុមហ៊ុនបច្ចេកវិទ្យា, ទូរគមនាគមន៍, សេវាកម្ម Cloud និងបណ្តាញសង្គមធំៗដែលមានប្រភពពីចិន មិនឲ្យមានវត្តមាននៅសហរដ្ឋអាមេរិកទៀត។
គួរបញ្ជាក់ថា បើតាមការវិភាគរបស់ Global Times ទៅតាមទស្សនវិស័យវែងឆ្ងាយ ឧស្សាហកម្មព័ត៌មានវិទ្យាទាំងអស់ មានប្រភពពីសហរដ្ឋអាមេរិក ក៏នឹងត្រូវខ្ទាតចេញពីទីផ្សារចិនដូចគ្នា។ បន្ថែមពីនេះវានឹងក្លាយជាតេស្តដ៏ធ្ងន់ធ្ងរ សម្រាប់ក្រុមហ៊ុននានារបស់អាមេរិក ប្រសិនបើបន្ទះ Chip,Software និងឧបករណ៍នានា មិនផ្សាភ្ជាប់នឹងទីផ្សារចិនទេនោះ៕