(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា អាមេរិកកំពុងចាត់វិធានការបន្តទៀត ដើម្បីហាមឃាត់កម្មវិធីចិន ចេញពីបណ្តាញឌីជីថលរបស់ខ្លួន ហើយបានហៅកម្មវិធី TikTok និង WeChat ថា «ជាការគំរាមកំហែង»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។
ការលើកឡើងរបស់លោក Pompeo ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមបិទកម្មវិធី TikTok នៅអាមេរិកជុំវិញបញ្ហាសន្តិសុខជាតិ ចំពេលដែលភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងតែកើនឡើង។ អាមេរិកក៏បានទុកពេលឲ្យក្រុមហ៊ុនមេ TikTok រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ដើម្បីសម្រេចចិត្តថាតើត្រូវលក់ ឬមិនលក់កម្មវិធីនេះ ឲ្យក្រុមហ៊ុនអាមេរិក។
លោក Pompeo បាននិយាយថា ក្រសួងការបរទេសអាមេរិក កំពុងធ្វើការជាមួយ ទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀត ដើម្បីការពារទិន្នន័យរបស់ពលរដ្ឋអាមេរិក និងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនអាមេរិក ព្រមទាំងការស្រាវជ្រាវវ៉ាក់សាំង COVID-19 តាមរយៈការហាមឃាត់ការ ប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យ របស់ក្រុមហ៊ុនដូចជា Alibaba, Baidu, China Mobile, China Telecom និង Tencent ផងដែរ។ ទន្ទឹងនឹងនេះដែរ លោកក៏បានជុំរុញឲ្យក្រសួងគមនាគមន៍អាមេរិក បញ្ចប់ការអនុញ្ញាតឲ្យក្រុមហ៊ុនទូរគមនាគមន៍ចិន បន្តប្រតិបត្តិការនៅអាមេរិកផងដែរ។
គួរបញ្ចាក់ថា តាំងពីយូរណាស់មកហើយសហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូលប្រទេសនៅអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យកាត់ផ្តាច់ក្រុមហ៊ុន Huawei ចេញពីបណ្តាញទូរគមនាគមន៍របស់ពួកគេដោយបានអះអាងថា ក្រុមហ៊ុន Huawei កំពុងធ្វើចារកម្មឲ្យចិន។ ដោយឡែកក្រុមហ៊ុន Huawei ធ្លាប់បានច្រានចោល ការចោទប្រកាន់នេះជាច្រើនដងរួចមកហើយ និងបាននិយាយថា អាមេរិកចង់បង្អាក់ការពង្រីកអាជីវកម្មរបស់ខ្លួន ព្រោះគ្មានក្រុមហ៊ុនអាមេរិកណា អាចផ្តល់បច្ចេកវិទ្យាដែលខ្លួនផលិត ក្នុងតម្លៃប្រកួតប្រជែងបាននោះទេ៕