(កាលីហ្វ័រញ៉ា)៖ Facebook នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានលុបចោលការបង្ហោះរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលក្រុមហ៊ុនលើកឡើងថា បានរំលោភលើបទបញ្ជារបស់ខ្លួន ដែលប្រឆាំងនឹងការចែករំលែក ព័ត៌មានមិនពិតពីវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រុមហ៊ុន Facebook បាននិយាយថា ការបង្ហោះនោះគឺជាវីដេអូឃ្លីប ស្តីពីបទសម្ភាសន៍ជាមួយកម្មវិធី Fox & Friends កាលពីប៉ុន្មានថ្ងៃមុន ដោយនៅក្នុងនោះលោក ត្រាំ បានអះអាងថា «កុមារស្ទើរតែមានភាពស៊ាំទាំងស្រុងទៅនឹង COVID-19»។ វីដេអូឃ្លីបនេះ រួមបញ្ចូលទាំងការអះអាងមិនពិតដែលថា ក្រុមមនុស្សមួយចំនួន អាចនឹងមានភាពស៊ាំជាមួយវីរុសនេះ។
ការលើកឡើងពីសំណាក់មេដឹកនាំអាមេរិកខាងលើនេះ ត្រូវបាន Facebook ចាត់ទុកថា ជាការបំពានគោលការណ៍ប្រតិបត្តិ ជុំវិញការចែកចាយព័ត៌មានស្តីពីជំងឺ COVID-19។ អ្នកនាំពាក្យ Facebook បានរំលឹកថា «នេះជាលើកទីមួយហើយ ដែលបណ្តាញសង្គមអាមេរិកមួយនេះ បានលុបចោលការបង្ហោះរបស់លោក ត្រាំ ដែលបានបង្ហោះព័ត៌មានមិនត្រឹមត្រូវ...»។
ដោយឡែកសម្រាប់វីដេអូដូចខាងលើនេះ នៅលើគណនី Twitter របស់លោក ត្រាំ ក៏ត្រូវបានបិទផងដែរ។ Twitter កន្លងមកនេះ ក៏ធ្លាប់បានដាក់សញ្ញាព្រមាន អំពីព័ត៌មានមិនពិត ទៅលើសារ និងវីដេអូបង្ហោះដោយលោក ដូណាល់ ត្រាំ ផងដែរ ដោយប្រការនេះបាននាំឲ្យលោក ត្រាំ ខឹងសម្បារជាខ្លាំង និងបានព្រមានបិទ Twitter ថែមទៀត ប៉ុន្តែក្រោយមកលោកបានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់បន្ទុកលើបណ្តាញសង្គមអាមេរិកទាំងអស់។
ចំពោះចំណាត់ការរបស់ Facebook ពេលនេះវិញ គឺគេមិនទាន់ឃើញលោក ដូណាល់ ត្រាំ បញ្ចេញប្រតិកម្មអ្វីមួយនៅឡើយទេ៕