(បេរូត)៖ រដ្ឋាភិបាលលីបង់បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលរហូតដល់ទៅ ០២សប្តាហ៍ ខណៈមនុស្សស្លាប់ដោយសារករណីផ្ទុះដ៏កក្រើក នៅតំបន់កំពង់ផែរដ្ឋធានីបេរូត កាលពីល្ងាចថ្ងៃអង្គារកន្លងទៅនេះ បានកើនឡើងដល់ ១៣៥នាក់ និងជាង ៥,០០០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Aljazeera នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។
ការប្រកាសអាសន្នខាងលើនេះមានន័យថា យោធាលីបង់ត្រូវបានប្រគល់សិទ្ធិ ឲ្យគ្រប់គ្រងសន្តិសុខនៅក្នុងរដ្ឋធានីបេរូតទាំងមូល ខណៈមនុស្សជាង ៣សែននាក់ បានបាត់បង់ផ្ទះសម្បែង។ ឧបទ្ទវហេតុនេះត្រូវបានរដ្ឋាភិបាលលីបង់ប្រកាសថា បង្កឡើងដោយការឆេះ និងផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammonium nitrate) រហូតដល់ទៅ ២,៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយ នៃតំបន់កំពង់ផែរដ្ឋធានីបេរូត អស់រយៈពេល ០៦ឆ្នាំមកហើយ។
គួរបញ្ជាក់ថា បណ្តាប្រទេសមួយចំនួនដូចជា បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និងជាពិសេសអង្គការសហប្រជាជាតិ (UN) បានផ្តល់ជំនួយ និងសន្យាជួយលីបង់ នៅក្នុងគ្រាដ៏លំបាកលំបិននេះ។ ប្រជាជាតិលីបង់ ដែលមានប្រជាជនសរុបជាង ៦.៨លាននាក់មួយនេះ កំពុងស្ថិតនៅក្នុងការកាន់ទុក្ខ រយៈពេល ០៣ថ្ងៃគិតចាប់តាំងពីថ្ងៃពុធម្សិលមិញ ខណៈរដ្ឋាភិបាលប្រទេសនេះ ក៏បានសន្យាផងដែរថា នឹងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងការបង្កឲ្យមានហេតុការណ៍ផ្ទុះនេះ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត៕