(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត ម៉ូរីសសុន (Scott Morrison) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា គ្មានភស្តុណាមួយអាចបញ្ជាក់ថា កម្មវិធី TikTok ដែលមានប្រភពពីចិនបានលួចទិន្នន័យរបស់អ្នកប្រើប្រាស់ រាប់រយលាននាក់របស់ខ្លួននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។
ការលើកឡើងរបស់លោក ម៉ូរីសុន ខាងលើនេះត្រូវបានធ្វើឡើង អំឡុងពេលដែលលោកបំពេញទស្សនកិច្ចមួយ ទៅកាន់សហរដ្ឋអាមេរិក និងបានចូលរួមក្នុងវេទិកាសន្តិសុខនៅក្នុងទីក្រុង អាស្ពែន (Aspen) រដ្ឋខូឡូរ៉ាដូ (Colorado)។ នាឱកាសនោះលោក ម៉ូរីសុន បានថ្លែងយ៉ាងដូច្នេះថា «យើងបានអង្កេតមើលយ៉ាងល្អចំពោះបញ្ហានេះ ហើយគ្មានភស្តុណាមួយដែលអាចបញ្ជាក់ថា កម្មវិធីនេះ (TikTok) មានការលួចប្រើទិន្ន័យរបស់អ្នកប្រើប្រាស់នានាឡើយ។ វាមានរឿងមិនសមរម្យមួយចំនួន ដែលបាននិងកំពុងបង្កឲ្យមានការខ្មាសអៀនជាសាធារណៈ ប៉ុន្តែវាគ្រាន់តែជាកម្មវិធីបណ្តាញសង្គមមួយប៉ុណ្ណោះ»។
ទោះជាបែបនេះក្តី នាយករដ្ឋមន្ត្រីអូស្ត្រាលីបានគូសបញ្ជាក់ថា មិនថាតែកម្មវិធី TikTok របស់ចិននោះឡើយ ដោយសូម្បីតែកម្មវិធីបណ្តាញសង្គមធំៗរបស់អាមេរិក ក៏ប្រជាជនអូស្ត្រាលីត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចផងដែរ ព្រោះតែក្រុមហ៊ុនទាំងនេះ អាចមានលទ្ធភាពអង្កេតទិន្នន័យ ពីអ្នកប្រើប្រាស់របស់ពួកគេបាន។
គួរបញ្ជាក់ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីខាងលើនេះ គឺពិតជាផ្ទុយទាំងស្រុង ទៅនឹងការលើកឡើងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលកន្លងមកបានអះអាងថា TikTok គឺជាកម្មវិធីមានប្រភពពីចិន និងស្និទ្ធជាមួយរបបដឹកនាំចិន ដែលបាននិងកំពុងលួចស៊ើបការណ៍សម្ងាត់ ពីអ្នកប្រើប្រាស់រាប់លាននាក់នៅអាមេរិក ដូច្នេះអាមេរិកបានសម្រេចទុកពេលឲ្យ ក្រុមហ៊ុនមេរបស់ TikTok ពិចារណាលក់កម្មវិធីនេះឲ្យក្រុមហ៊ុនអាមេរិកណាមួយ ឲ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បើមិនដូច្នោះទេអាមេរិកនឹងបិទ TikTok លែងឲ្យដំណើរការតទៅទៀត៕